សម្ដេចតេជោ មានមោទនភាពចំពោះសមិទ្ធផលប្រវត្តិសាស្ត្រនៅ Asian Games
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (៤ កញ្ញា ២០១៨) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវការអបអរសាទរ និងមានមោទនភាពជាខ្លាំងចំពោះវីរកីឡាករ សាលី អ៊ូមើត និងវីរកីឡាការិនី ខាន់ ចេសា ដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ ពីការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ដែលឲ្យកម្ពុជាបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងរយៈពេល ៦៤ឆ្នាំ ដែលឈ្នះមេដាយមាស២ ក្នុងមួយឆ្នាំ។
ក្នុងពិធីជួបសំណេះសំណាល និងអបអរសាទរដំណើរវិលត្រឡប់មកដល់មាតុភូមិរបស់ប្រតិភូ និងកីឡាករ-កីឡាការិនីជ័យលាភីមេដាយមាស និងសំរឹទ្ធ ក្រោយបញ្ចប់បេសកកម្មប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូនេស៊ីកាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា សម្ដេចក៏បានជំរុញ និងលើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនីកម្ពុជាបង្កើនការហ្វឹកហាត់ ដើម្បីបន្ដដំណើរឆ្ពោះទៅដណ្ដើមមេដាយកម្រិតអូឡាំពិកបន្ថែមទៀត។
សម្ដេចតេជោបានចាត់ទុកសមិទ្ធផលនេះ គឺជាមហាកិត្តិយសជាតិទាំងមូល។ លើសពីនេះសម្ដេចបានថ្លែងកោតសរសើរ ចំពោះការខិតខំរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ពិសេសកីឡាករ អ៊ូមើត និងកញ្ញា ចេសា រួមទាំងអាណាព្យាបាលពួកគេទាំងពីរដែលបានជំរុញ និងលើកទឹកចិត្តកូនៗរហូតដណ្ដើមបានមេដាយ ជាប្រវត្តិសាស្ត្រជូនជាតិដូច្នេះ៕