បញ្ចៀស​ចរាចរ​​ជា​​បណ្ដោះ​អាសន្ន​ កន្លែង​​ដង្ហែ​​រក្បួន​​បិទ​​យុទ្ធនាការ​​ឃោសនា​​បោះ​ឆ្នោត​​

​សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ ៖ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា​ខាង​មុខ មាន​គណបក្សនយោបាយ​ជាច្រើន នឹង​ធ្វើ​ការជួបជុំ និង​ដង្ហែ​រក្បួន បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ មាន​ការជួបជុំ​សមាជិក រហូត​ដល់​ប្រមាណ​២៥០.០០០​នាក់ និង​នៅ​ទីលាន​ប្រជាធិបតេយ្យ មាន​ការជួបជុំ​សមាជិក រហូត​ដល់​ប្រមាណ​២០.០០០​នាក់ ព្រមទាំង​មាន​ការជួបជុំ​សមាជិក​នៅតាម​ទីស្នាក់ការ​គណបក្ស​មួយចំនួន​ផង​ដែរ ។​

​បន្ទាប់​ពី​ការជួបជុំ​បណ្ដា​គណបក្ស​នយោបាយ រួច​ដង្ហែរ​តាម​មហាវិថី​កម្ពុជា​ក្រោម មហាវិថី​សម្ដេច​មុនី​រ៉េត កំណាត់​វិថី​សម្ដេច​សុធារស កំណាត់​មហាវិថី​ម៉ៅ​សេទុង កំណាត់​មហាវិថី​ព្រះមុនីវង្ស កំណាត់​មហាវិថី​ព្រះសីហនុ តិរវិថី​ព្រះស៊ីសុវត្ថិ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវ​មិត្តភាព​ភ្នំពេញ​-​ហាណូយ ផ្លូវ​ណត​ប្រ៊ីត ផ្លូវ​ចោមចៅ ផ្លូវ​លេខ​២៧១ ផ្លូវ​លេខ​៧០ និង​ផ្លូវ​សំខាន់ៗ​មួយចំនួនទៀត ក្នុង​រាជធានី​ភ្នំពេញ​។​

ដើម្បី​ធានា​បរិយាកាស​នៃ​ការបិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត មាន​ភាពល្អប្រសើរ និង​ស្នើ​ភាព​គ្រប់​គណបក្ស​នយោបាយ ពិសេស​ការ​ដង្ហែ​រក្បូន​របស់​គណបក្ស​នយោបាយ ប្រព្រឹត្តទៅ​ដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​ការកកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ការផ្អាក​ចរាច​រ​ជា​បណ្តោះអាសន្ន តាម​ទីតាំង​ជួបជុំ​មួយរយៈ​ខ្លី និង​បញ្ចៀស​ចរាចរ​តាម​កន្លែង​កកស្ទះ មួយចំនួន​។

ដូចនេះ​ស្នើ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គ្រោង​ធ្វើដំណើរ ទៅ​កន្លែង​ជួបជុំ និង​តាម​មហាវិថី តិរវិថី និង​ផ្លូវ​សំខាន់ៗ មួយចំនួន​ខាងលើ មេត្តា​បញ្ចៀស​ចរាចរ​ជា​បណ្តោះអាសន្ន បើសិនជា​មិន​ចាំបាច់​ពុំគួរ​ធ្វើដំណើរ​ឆ្លងកាត់ តាម​កន្លែង​ជួបជុំ និង​ផ្លូវ​ដង្ហែ​ររបស់​គណបក្ស​ទាំងនោះ ចាប់ពី​ម៉ោង​៦​ព្រឹក រហូត​ដល់​ក្បួន​ដង្ហែ​រត្រូវបាន​បញ្ចប់​៕

 

Related Articles

Back to top button
Close
Close