ការដើរឲ្យបាន ៣០នាទីក្នុងមួយថ្ងៃ នឹងអាចផ្លាស់ប្តូរសុខភាពរាងកាយ
សារព័ត៌មាន Cambodia News/
សុខភាព ៖ ការធ្វើលំហាត់ប្រាណ បានក្លាយជាផ្នែកមួយនៃជីវិតយើងដ៏សំខាន់ សម្រាប់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ប៉ុន្តែមនុស្សមួយចំនួន ពុំមានពេលវេលា ឬមិនបានចំណាយពេលវេលាសម្រាប់ការហាត់ប្រាណជាប្រចាំឡើយ ភាពអសកម្មទាំងនេះ នឹងងាយបង្កឲ្យប្រព័ន្ធភាពស៊ាំនៃរាងកាយធ្លាក់ចុះដោយពុំដឹងខ្លួន ពេលយើងអាយុកាន់តែច្រើនទៅ។
ការដើរ ជាជម្រើសមួយដ៏ល្អ និងងាយស្រួលណាស់ វាជួយដល់ប្រព័ន្ធដង្ហើម ប្រព័ន្ធសរសៃប្រសាទ បំប៉នកោសិកាប្រសាទ ឈាមសំបូរដោយសារធាតុចិញ្ចឹម កាត់បន្ថយជំងឺវង្វេងវង្វាន់ និងការពារពីជំងឺទឹកនោមផ្អែមទៀតផង។
ពេលយើងដើរ វាបានភ្ញោចប្រព័ន្ធសរសៃប្រសាទឲ្យបង្កើនចង្វាក់បេះដូងខ្លាំងជាងមុនដើម្បីនាំយកអុកស៊ីសែន និងប្រភពនៃថាមពលទៅផ្តល់ដល់គ្រប់កោសិកាទាំងអស់នៃរាងកាយរាល់វិនាទី។ ជាពិសេស វាជាកត្តាជំរុញឲ្យសាច់ដុំឆ្នូតរបស់បេះដូងមានភាពរឹងមាំ ធ្វើឲ្យសរសៃឈាមមានភាពស្វិតរីករួមបានល្អ។
ក្រៅពីនេះការដើរជារៀងរាល់ថ្ងៃ ជួយដល់ការកាត់បន្ថយកូលេស្រ្តូរ៉ុលមិនល្អដែលនៅតាមបណ្តោយសរសៃឈាម និងជួយបង្កើនកូលេស្ត្រូរ៉ុលដែលល្អសម្រាប់សុខភាព ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈមខួរក្បាលជាដើម។ ការដើរមិនត្រឹមតែជួយកាត់សារជាតិខ្លាញ់ និងកូលេស្ត្រូរ៉ុលនោះទេ វាថែមទាំងជាសកម្មភាពដ៏ងាយស្រួលមួយ ជួយបង្កើនថាមពលសម្រាប់រាងកាយយើងទៀតផង៕ ប្រែសម្រួលដោយ៖ សារព័ត៌មាន Cambodia News/