បាស្ហារអាល-អាស្សាដបានទទួលការគាំទ្រពីទីក្រុងតេហេរ៉ង់
ដោយទទួលបានការគាំទ្រយ៉ាងមុតមាំពីសំណាក់ប្រទេសអ៊ីរ៉ង់ ប្រធានាធិបតីស៊ីរីបាស្ហារអាល-អាស្សាដបានចេញបង្ហាញខ្លួនតាមរយៈកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារទី៧សីហាឆ្នាំ២០១២ម្សិលមិញ។ ទូរទស្សន៍រដ្ឋស៊ីរីបានបង្ហាញឲ្យឃើញ ប្រមុខដឹកនាំស៊ីរីទទួលរាក់ទាក់បេសកជនពិសេសរបស់អ៊ីរ៉ង់ លោក Saïd Jalili ព្រមទាំងបានថ្លែងសុន្ទរកថាមួយសម្តែងបង្ហាញឲ្យឃើញនូវការប្រឆាំងយ៉ាងខ្លាំងក្លារបស់ខ្លួន ទល់នឹងក្រុមប្រឆាំងបះបោរ។
នៅឯសមរភូមិឯណោះ កងកម្លាំងយោធានៃរដ្ឋាភិបាលស៊ីរីកំពុងធ្វើការវាយលុកយ៉ាងខ្លាំងក្លាទៅលើទីក្រុងអាឡេព ដោយប្រើកាំភ្លើងធំនិងធ្វើការទម្លាក់គ្រាប់បែកយ៉ាងដំណំ។ ចំណែកឯពួកបដិវត្តន៍ប្រឆាំងបាស្ហារអាល-អាស្សាដវិញ បានធ្វើការវាយប្រហារជាច្រើនកន្លែងនៅក្នុងប្រទេសស៊ីរី មានដូចជានៅតំបន់អណ្តូងប្រេងកាតឋិតនៅជិត Deir Ezzor ជាដើម។ ការវាយប្រហារគ្នានោះ បានបណ្តាលឲ្យមានមនុស្សស្លាប់ប្រមាណ១២២នាក់ នេះបើយោងតាមតួលេខរបស់អ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី។
ដោយឡែក ក្រុមប្រឹក្សាសន្តិសុខនៃ.អ.ស.ប.បានប្រកាសឲ្យដឹងថា គេនឹងរៀបចំឲ្យមានកិច្ចប្រជុំពិភាក្សាគ្នាមួយថ្នាក់រដ្ឋមន្ត្រីស្តីពីបញ្ហាស៊ីរី នៅថ្ងៃទី៣០សីហាឆ្នាំ២០១២ខាងមុខនេះ។ ម្យ៉ាងទៀត លោកកូហ្វីអាណាន បេសកជនពិសេសនៃអ.ស.ប.ដែលបានលាចេញពីមុខតំណែងនៅពេលថ្មីៗកន្លងទៅនេះ បានថ្លែងថា “លោកនឹងពុំបញ្ជូនអ្នតំណាងរបស់លោកឲ្យទៅចូលរួមប្រជុំនៅក្នុងប្រទេសអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ស្ដីពីការរិះរកដំណោះស្រាយឲ្យវិបត្តិស៊ីរីឡើយ”។
គួរកត់សម្គាល់ថា ចាប់តាំងពីមានភេរវកម្មអត្តឃាតដែលបានផ្តាច់ជីវិតរដ្ឋមន្ត្រីក្រសួងការពារជាតិនិងឧត្តមសេនីយ៍បីរូបនៅថ្ងៃទី១៨កក្កដាកន្លងទៅដែលក្នុង នោះមានម្នាក់ត្រូវជាបងថ្លៃរបស់បាស្ហារអាល-អាស្សាដ ជាលើកទីមួយហើយ ដែលប្រមុខដឹកនាំស៊ីរីបានចេញមកបង្ហាញខ្លួនតាមរយៈកញ្ចក់ទូរទស្សន៍។
កាលនៅថ្ងៃទី២២កក្កដាឆ្នាំ២០១២ គេធ្លាប់បានឃើញរូបប្រមុខដឹកនាំស៊ីរី នាឱកាសថ្លែងស្បថប្រណិធានឡើងកាន់តំណែងថ្មីដោយរដ្ឋមន្ត្រីក្រសួងការពារ ជាតិ ហើយនៅថ្ងៃទី៧សីហាម្សិលមិញនេះទៀត ក្រោយពីនាយករដ្ឋមន្ត្រីរបស់ខ្លួនរត់ទៅចុះចូលជាមួយក្រុមអ្នកបដិវត្តន៍ប្រឆាំង គេឃើញប្រធានាធិបតីបាស្ហារអាល-អាស្សាដ ចេញមកទទួលរាក់ទាក់បេសកជនពិសេសរបស់អ៊ីរ៉ង់ លោក Saïd Jalili ដែលបញ្ជូនដោយអគ្គមគ្គុទ្ទេសក៍អ៊ីរ៉ង់ Ali Khamenei ដែលជាសសរទ្រូងចុងក្រោយគាំទ្ររបបគ្រប់គ្រងបាស្ហារអាល-អាស្សាដ៕ដោយ សៀក សារិន (RFI)