សម្តេច​តេ​ជោ ៖ កម្ពុជា​ពី​សង្គ្រាម​រាំ​រ៉ៃ​ដែលមាន​តំបន់​ត្រួតត្រា​ច្រើន មក​កម្ពុជា​តែមួយ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨​នេះ តាមរយៈ Facebook សម្តេច​បាន​រៀបរាប់​នូវ​ប្រវត្តិ​នៃ​របប​ដឹកនាំ របស់​កម្ពុជា ចាប់តាំងពី​ប្រទេស​ស្ថិតក្នុង​របប​ត្រួតត្រា​ច្រើន​តំបន់ មាន​សង្គ្រាម​រាំ​រ៉ៃ ប្រែ​ក្លាយទៅជា​កម្ពុជា ដែលមាន​របប​ដឹកនាំ​តែមួយ និង​មាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា ការធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ដែនដី​ដែលមាន​ការឯកភាព​ជា​តិ​តែមួយ​នេះ ដោយសារ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច ដែល​បាន​សម្រេចបាន​នូវ​បញ្ចប់សង្គ្រាម​រាំ​រ៉ៃ​ជាមួយ​ខ្មែរក្រហម​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នូវ​ការប្តេជ្ញាចិត្ត និង​អំពាវនាវ​ថា «​ទោះបី​ដោយ​តម្លៃ​ណាក៏ដោយ គឺ​យើង​ត្រូវតែ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​ខាន​តែ​បាន​!»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ជាការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា គឺ​ព្រះករុណា ព្រះបិតា​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គ​បាន​ខិតខំ​ខ្លាំងណាស់ ដើម្បី​នាំមក​នូវ​ឯករាជ​ជាតិ​ឆ្នាំ ១៩៥៣​។ ព្រះអង្គ​ក៏បាន​ខិតខំ​ខ្លាំង​ណាស់ដែរ ដើម្បី​ឲ្យ​មានការ​បង្រួប​ង្រួ​ម​ជាតិ តាមរយៈ​ការរៀបចំ​ការបោះឆ្នោត ឆ្នាំ​១៩៥៥ ដែល​ពេលនោះ​កម្ពុជា បាន​សុខសន្តិភាព​ត្រឹមតែ​៤ ឬ​៥​ឆ្នាំ​ប៉ុណ្ណោះ ហើយក៏​មាន​ផុស​ឡើង​នូវ​ចលនា​កម្លាំងប្រដាប់អាវុធ ដែលមាន​តំបន់​ត្រួតត្រា​៤​ដូចជា ១៖ រាជរដ្ឋាភិបាល សម្តេចព្រះ នរោត្តម សីហនុ​, ២៖ តំបន់​ខ្មែរ​ស​, ៣៖ តំបន់​ខ្មែរ​ខៀវ​, និង​៤៖ តំបន់​ខ្មែរក្រហម​។ បន្ទាប់មក​នៅ​ឆ្នាំ​១៩៧០ ដល់ ១៩៧៥ គឺ​កម្ពុ​ជាមាន​តំបន់​ត្រួតត្រា​២​គឺ ១៖ តំបន់​ត្រួតត្រា​ដោយ​រដ្ឋការ លន់នល់ និង​២៖ តំបន់​រំដោះ​សម្តេចព្រះ​នរោត្តម​សីហនុ​។ នៅ​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ គឺ​កម្ពុជា​បាន​ធ្លាក់​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ប៉ុលពត​។ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​អត់​អាហារ គ្មាន​ផ្ទះសម្បែង ព្រាត់ប្រាស់​បែកបាក់​គ្រួសារ និង​ស្លាប់​អស់​ជាង​៣​លាន​នាក់​។​

​នៅ​ឆ្នាំ​១៩៧៩ ដល់​១៩៩៣ កម្ពុ​ជាមាន​តំបន់​ត្រួតត្រា​៤ សារជាថ្មី​ឡើងវិញ​គឺ ១៖ រដ្ឋាភិបាល​ភ្នំពេញ (​គណបក្ស​ប្រជាជន​), ២៖ ហ្វ៊ុនស៊ីនប៉ិច (​សម្តេចព្រះ​នរោត្តម​សីហនុ​), ៣៖​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (​លោកតា សឺ​ន សាន​) និង​៤៖ តំបន់​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​ប៉ុលពត​)​។​

​នៅ​ឆ្នាំ​១៩៩៣ ដល់ ១៩៩៨ កម្ពុជា​ស្ថិតនៅក្រោម​ការជួយ​រៀបចំ​បោះឆ្នោត ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​នៃ​កម្ពុជា (United Nations Transitional Authority of Cambodia- UNTAC) ។ អ៊ុនតាក់​បាន​ចំណាយលុយ​ជាង ២,០០០​លាន​ដុល្លារ ប៉ុន្តែ​នៅពេល​អ៊ុនតាក់​ដក​ត្រឡប់​ចេញទៅ គឺ​បាន​បន្សល់ទុក​ឲ្យ​កម្ពុ​ជាមាន​តំបន់​ត្រួតត្រា​២​គឺ ១៖​រាជរដ្ឋាភិបាល​កម្ពុជា និង ២៖​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​ប៉ុលពត​)​។ អ្វីដែល​កម្ពុជា​ចង់បាន តែ​អ៊ុនតាក់​មិនអាច​សម្រេចបាន​។​

​ការពិត​គឺមាន​តែ​ជនជាតិ​កម្ពុជា​យើង​ទេ ដែល​ធ្វើ​នយោបាយ​ក្នុង​ក្របខ័ណ្ឌ​ឈ្នះ​-​ឈ្នះ​។ ខ្ញុំ​បានសម្រេច​ចិត្ត​បញ្ចប់សង្គ្រាម​រាំ​រ៉ៃ​ឲ្យ​ខាន​តែ​បាន​។ ពេលនោះ​ម្តាយធំ​របស់ខ្ញុំ​បាន​សួរ​ខ្ញុំ​ថា «​ពេលដែល​ឯង​ចូលទៅ​តំបន់​ខ្មែរក្រហម​… មិន​ខ្លាច​ខ្មែរក្រហម​បាញ់សម្លាប់​ទេ​អី​?» ខ្ញុំ​បាន​ឆ្លើយថា «​ប្រសិនបើ​ស្លាប់​.. ស្លាប់​តែ​ខ្លួន​ខ្ញុំ និង​អ្នក​ទៅជា​មួយ​ខ្ញុំ​តែ​ប៉ុន្មាន​នាក់​តែប៉ុណ្ណោះ​… ប៉ុន្តែ​បើ​បានមក​វិញ​… គឺ​បាន​ផែនដី​ទាំងមូល​តែម្តង​»​។ ពិតណាស់ ចាប់ពីពេលនោះ​មកទល់​ពេលនេះ គឺ​ដែនដី​កម្ពុជា​បាន​ឯកភាព​ជាតិ ២០​ឆ្នាំ​រួចស្រេច​មកហើយ​!​។​

ដូច្នេះ​ទម្រាំ​យើង​មាន​សន្តិភាព​ពេញលេញ​មកទល់​សព្វថ្ងៃនេះ គឺ​យើង​បាន​ខិតខំ​ប្រឹងប្រែង​និង​លះបង់​អាយុជីវិត​មនុស្ស​ច្រើនណាស់​។ ទោះបី​ដោយ​តម្លៃ​ណាក៏ដោយ គឺ​យើង​ត្រូវតែ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​ខាន​តែ​បាន​!»៕

Related Articles

Back to top button
Close
Close