វាយប្រហារនៅសាលារៀនមួយនៅរុស្ស៊ីបណ្តាលឲ្យមនុស្ស១៥នាក់រងរបួស
សារព័ត៌មាន Cambodia News
រុស្ស៊ី (១៦ មករា ២០១៨) ៖ មន្ត្រីអាជ្ញាធរមូលដ្ឋានបាននិយាយថា កាលពីថ្ងៃចន្ទមនុស្សចំនួន១៥នាក់បានរងរបួសនៅក្នុងការវាយប្រហារកាំបិតមួយនៅសាលារៀនមួយកន្លែងនៅទីក្រុងភើម (Perm) នៅតំបន់ភ្នំក្នុងប្រទេសរុស្ស៊ី។
ទីភ្នាក់ងារអនុវត្តច្បាប់នៅប្រទេសរុស្ស៊ីបាននិយាយថា ហេតុការណ៍នេះបានចាប់ផ្ដើមកើតឡើងជាមួយការប្រយុទ្ធគ្នានឹងកាំបិតរវាងនិស្សិតចំនួន២នាក់ដែលធ្វើឲ្យគ្រូនិងសិស្សនិស្សិតដទៃទៀតបានរងរបួសនៅពេលពួកគេបានព្យាយាមចូលទៅជួយបំបែកនិស្សិតឈ្លោះគ្នានេះ។
គណៈកម្មាធិការស៊ើបអង្កេតប្រទេសរុស្ស៊ីបានចាត់ទុកហេតុការណ៍នេះថាជាការប៉ុនប៉ងសម្លាប់មនុស្សចំនួន២នាក់ឬច្រើនជាងនេះ។
បុគ្គលិកពេទ្យបាននិយាយថា ក្នុងចំណោមអ្នករងរបួសទាំង១៥នាក់នេះគឺមានមនុស្សចំនួន១២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែលក្នុងនោះមានគ្រូបង្រៀនម្នាក់និងនិស្សិតចំនួន២នាក់ទៀតបានរងរបួសធ្ងន់៕