មនុស្ស១១នាក់ស្លាប់ ក្នុងករណីភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វរញ៉ា
សារព័ត៌មាន Cambodia News/
អាមេរិក (១១ តុលា ២០១៧) ៖ អភិបាលរដ្ឋកាលីហ្វរញ៉ាលោក ចឺរី ប្រោន (Jerry Brown) បាននិយាយថា មនុស្ស១១នាក់ហើយបានបាត់បង់ជីវិត ក្នុងគ្រោះអគ្គិភ័យភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅមួយដែលបាននិងកំពុងតែវាយប្រហារតំបន់ភាគខាងជើង នៃរដ្ឋកាលីហ្វរញ៉ា និងបំផ្លិចបំផ្លាញផ្ទះសម្បែងក៏ដូចជាអគារពាណិជ្ជកម្ម១,៥០០ពាន់ខ្នង ខណៈដែលមនុស្សប្រមាណ២០,០០០នាក់ត្រូវបង្ខំជម្លៀសខ្លួនចេញពីកន្លែងជ្រកកោណរបស់ពួកគេថែមទៀតផង។ នេះបើតាមសារព័ត៌មាន BBC។
លោកអភិបាលបន្តថា លោកបានសម្រេចប្រកាសអាសន្ននៅក្នុងតំបន់ Napa, Soma, និង Yuba ខណៈដែលអណ្តាតភ្លើងបានបន្តរីករាលដាលទៅកាន់ទិស ខាងត្បូងរកតំបន់ San Francisco Bay។ ទន្ទឹមនោះលោក Brown ក៏បានពង្រីកសេចក្តីប្រកាសអាសន្ននេះទៅដល់តំបន់ចំនួន០៤ទៀត នៅភាគខាងជើងរដ្ឋ រួមជាមួយនិងតំបន់ Orange នៅភាគខាងត្បូង។
គួរបញ្ជាក់ថា ភ្លើងឆេះ ព្រៃចំនួន១៥ដាច់ដោយឡែកពីគ្នា នៅលើផ្ទៃដីប្រមាណជិត០៣ម៉ឺនហិកតា ក្នុងភាគខាងជើងរដ្ឋកាលីហ្វរញ៉ា ចាប់តាំងតែពីយប់ថ្ងៃអាទិត្យកន្លងទៅ (ពេលវេលានៅភាគខាងលិចអាមេរិក)៕