ប្រជាជាតិ​ទាំងមូលគាំទ្រសម្តេច​តេជោ ក្រោយ​ពេល​ឡាវដកទ័ពគ្មានសល់ពី​​ចំណុច​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (១៤ សីហា ២០១៧) ៖ លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថោ​ង​លន់ ស៊ី​ស៊ូ​លី​ត នៅ​ព្រឹក​ថ្ងៃ​១២ ខែសីហា បាន​ប្រកាស​ដោយ​មិន​រារែក​ពី​ការ​យល់ព្រម​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​ឱ្យ​អស់ មិន​ហួស​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៣ ខែសីហា ។ ការ​ថ្លែង​អះអាង​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​រួម​គ្នា​មួយ កាលពី​ព្រឹក​ថ្ងៃ​១២ សីហា ក្នុង​ទីក្រុង​វៀងចន្ទន៍ នៅ​ចំពោះ​មុខ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន  ដែល​បាន​អញ្ជើញ​ទៅ​កាន់​ប្រទេស​ឡាវ​ភ្លាម​ៗ ដើម្បី​ដោះស្រាយ​បញ្ហា​កងទ័ព​ឡាវ​ចូល​មក​កាន់កាប់​ទឹកដី​កម្ពុជា​នៅ​ចំណុច​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​ខក​ខានមិនបាន​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​កម្ពុជា​ទាន់​ពេលវេលា ដោយសារ​តែ​លោក​មិន​បាន​ទទួល​លិខិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្ញើ​ទៅ​កាន់​លោក​កាលពី​ថ្ងៃ​ទី​២ ខែសីហា ។ យ៉ាងណា​ក៏​ដោយ ប្រមុខ​រដ្ឋាភិបាល​ឡាវ បាន​អបអរសាទរ​ចំពោះ​វត្តមាន​យ៉ាង​បន្ទាន់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​លើ​ទឹកដី​ឡាវ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ។ តាម​រយៈ​ជំនួប​ទ្វេភាគី នេះ លោក​ថោ​ង​លន់ ស៊ី​ស៊ូ​លី​ត បាន​យល់ព្រម​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា ដោយ​សុំ​ទុក​ពេល​មួយ​ថ្ងៃ​ឱ្យ​កងកម្លាំង​ប្រមូល​សម្ភារ ហើយ​ចាកចេញ​ឱ្យ​អស់យ៉ាង​យូរ​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ ទី​១៣ ខែសីហា​។

ជា​ការ​ឆ្លើយ​តប សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​សម្តែង​ការ​សាទរ​និង​អរគុណ​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ដែល​បាន​យល់ព្រម​ដកទ័ព​ចេញពី​តំបន់​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ក្នុងស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ដើម្បី​សម្រួល​ស្ថានការណ៍​វិញ ។ សម្តេច​តេ​ជោ ក៏​បាន​បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ខ្មែរ​ដែល​បាន​ចល័ត​ទៅ​កាន់​តំបន់​ក្តៅ ហើយ​ដែល​ចេញពី​បន្ទាយ​នៅ​យប់​ថ្ងៃ​១១ ខែសីហា ឱ្យ​វិល​ត្រឡប់​ចូល​មូលដ្ឋាន​វិញ ។ ចំណែក​កម្លាំង​ដែល​ឈរជើង​នៅ​តំបន់​ជម្លោះ ក៏​ត្រូវ​ដកថយ​មក​វិញ​ជា​បណ្តោះអាសន្ន​ដែរ​៕

21

 

Related Articles

Back to top button
Close
Close