គ្រោះរញ្ជួយដីនៅចិនសម្លាប់មនុស្សកើនដល់១៣នាក់ និងរបួស១៧៥នាក់
សារព័ត៌មាន Cambodia News/
ប៉េកាំង (០៩ សីហា ២០១៧) ៖ យោងតាមទីភ្នាក់ព័ត៌មានចិនស៊ីនហួរបានចេញផ្សាយមុននេះបន្តិចថា ចំនួនមនុស្សស្លាប់បានកើនឡើង១៣នាក់ហើយ ខណៈអ្នករងរបួសក៏បានឡើងដល់១៧៥នាក់ ក្នុងគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.០រ៉ិចទ័រ វាយប្រហារតំបន់មួយក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ។
ប្រធានធិបតីចិនលោក ស៊ី ជិនពីង រួមទាំងនាយករដ្ឋមន្ត្រីចិនលោក Li Keqiang ក៏បានបង្គាប់ឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពជួយសង្គ្រោះ អ្នកដែលបានទទួលរបួសដោយសារគ្រោះរញ្ជួយដីនេះ ជាបន្ទាន់ផងដែរ។
ដោយឡែកបើតាមមជ្ឈមណ្ឌលស្ទាបស្ទង់គ្រោះរញ្ជួយដីចិនបានបញ្ជាក់ថា គ្រោះរញ្ជួយដីមានជម្រៅប្រមាណ២០គីឡូម៉ែត្រ នៅក្រោមដីតែម្តង។
គួរបញ្ជាក់ថា គ្រោះរញ្ជួយផែនដីដ៏អាក្រក់នេះបានកើតមានឡើងនៅស្រុក Jiuzhaigou កាលពីវេលាម៉ោង៩ និង១៩នាទីយប់ម្សិលមិញ (ពេលវេលានៅប៉េកាំង)៕