តុលាការចេញដីកាចាប់ខ្លួន ស្ដ្រីឈ្មោះ សំ សុខា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មិថុនា ២០១៧) ៖ ចៅក្រមស៊ើបអង្កេតសាលាដំបូងខេត្តកំពង់ស្ពឺបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ សំ សុខា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រ់សាលា ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ នេះបើយោងតាមដីកាបង្គាប់ឲ្យនាំខ្លួន ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។
លោក ស៊ិន វុទ្ធី ចៅក្រមស៊ើបអង្កេតសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ក្នុងដីកាចាប់ខ្លួនថា៖ ក្រោយពីពិនិត្យសំណុំរឿងចប់សព្វគ្រប់យល់ឃើញថាឈ្មោះ សំ សុខា ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមបទប្រមាថ និងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តទៅនៅភូមិអុង ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហុន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ បទល្មើសមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៥០២,៤៩៤,៤៩៦,នៃក្រមព្រហ្មទណ្ឌ។
តុលាការបានអះអាងថា៖ ជនជាប់ត្រូវបានតុលាការចេញដីកាបង្កាប់ឲ្យចូលខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តកំពង់ស្ពឺ និងរបាយការណ៍របស់នគរបាលយុត្តិធម៌ ចុះថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៧ បញ្ជាក់ថា ជនត្រូវចោទឈ្មោះ សំ សុខា បានគេចខ្លួនចេញពីលំនៅដ្ឋានរបស់ខ្លួនបាត់ហើយ។ដើម្បីសម្រួលដល់នីតីវិធីស៊ើបសួរពេញលេញគប្បីចេញដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទរូបនេះ។
លោកចៅក្រមបានសម្រេចថា៖ បង្គាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ឲ្យចាប់ និងនាំខ្លួនជនត្រូវចោទឈ្មោះ សំ សុខា ភេទស្រី អាយុ៣៨ឆ្នាំ ដែលមានសាវតារជាតិដូចខាងលើមកប្រគល់ជូនសាលាដំបូងខេត្តសាមី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕