សម្តេច ហ៊ុន សែន និយាយភាសាវៀតណាម ក្នុងពិធីបើកសម្ពោធស្ពានភ្ជាប់ព្រំដែនកម្ពុជា-វៀតណាម
សារព័ត៌មាន Cambodia News/
កណ្តាល (២៤ មេសា ២០១៧) ៖ ក្នុងពិធីបើកសម្ពោធស្ពានភ្ជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលមានការចូលរួមពីប្រជាជន និងនាយករដ្ឋមន្ត្រីវៀតណាមផងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងជាសាធារណៈជាភាសាវៀតណាម បន្ថែមលើសន្ទរកថាជាភាសាខ្មែរ ដែលបានគ្រោងទុក។
ការថ្លែងជាភាសាវៀតណាម ក្នុងវេទិកាសាធារណៈនេះ មិនមែនមានន័យថា លោក ជាអាយ៉ងវៀតណាម ដូចការលើកឡើងកន្លងមកនោះទេ។
ប៉ុន្តែអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ យល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ជាភាសាវៀតណាម ជាលក្ខណៈសំណេះសំណាលក្រៅពីថ្លែងសន្ទរកថា វាមិនមាន បញ្ហាចោទឡើយ។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីជាភាសាវៀតណាមយ៉ាងដូច្នេះ គឺបានធ្វើឡើងក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល៕