ម៉ាឡេស៊ីចេញដីកាចាប់ខ្លួនបុគ្គលិកអាកាសចរណ៍ Air Koryo ជុំវិញករណីសម្លាប់ គីម ជុងណាម
សារព័ត៌មាន Cambodia News/
ម៉ាឡេស៊ី (០៤ មីនា ២០១៧) ៖ ប៉ូលិសម៉ាឡេស៊ី បានចេញដីកាចាប់ខ្លួនដើម្បីចាប់ខ្លួនបុគ្គលិកម្នាក់នៃក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង Air Koryo ដែលទាក់ទងករណីសម្លាប់ លោក គីម ជុងណាម ដែលជាបងប្រុសម្តាយទីទៃរបស់ លោក គីមជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ។
លោក ខាលីដ អាប៊ូ បាកា (Khalid Abu Bakar) ឧត្តមសេនីយ៍ប៉ូលិសម៉ាឡេស៊ីបាននិយាយប្រាប់សារព័ត៌មាន Bernama កាលពីថ្ងៃសុក្រទី ៣ មីនាថា លោក គីម អ៊ុកអ៊ីល (Kim Uk Il) ជាបុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងជើង អាយុ៣៧ឆ្នាំរូបនេះ ត្រូវបានគេចង់សាកសួរបំផុតជុំវិញករណីការសម្លាប់នេះ ។
សារព័ត៌មាន Channel NewsAsia បានឱ្យដឹងថា លោក យ៉ុន ក្វាង សុង បានបញ្ជូនចេញជនសង្ស័យកូរ៉េខាងជើងចំនួន៤នាក់នៅអាកាសយានដ្ឋានក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ខែកុម្ភៈ ជាមួយបុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍ Air Koryo នេះ គឺនៅថ្ងៃដែលបុរសនោះ ដែលគេជឿថាជា លោក គីម ជុង ណាមត្រូវបានវាយប្រហារ។ ជនសង្ស័យ៤នាក់នេះ ត្រូវបានគេជឿថាបានរៀបចំផែនការសម្លាប់នេះ៕