ក្រសួងព័ត៌មានបញ្ជាឲ្យបិទកម្មវិធី ABC 3 ស្ព្រីង របស់អាចារ្យអេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២៥ មករា ២០១៧) ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញលិខិតបង្គាប់ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ បញ្ឈប់ការជួលម៉ោងឱ្យស្ថានីយ៍វិទ្យុ ABC របស់អាចារ្យអេ ក្នុងកម្មវិធីមួយដែលមានឈ្មោះថា« ABC 3 ស្ព្រីង »។ នេះបើយោងតាមលិខិតរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧។
ការសម្រេចបិទកម្មវិធី ABC 3 ស្ព្រីង ដែលជួលម៉ោងផ្សាយពីទូរទស្សន៍ប៉ុស្តិ៍លេខ៣នេះ ក្រសួងព័ត៌មានពន្យល់ថា ៖ កន្លងមក ក្រសួងព័ត៌មានបានឯកភាពអនុញ្ញាតឱ្យធ្វើកិច្ចសហការរជាមួយស្ថានីយវិទ្យុ ABC កម្ពុជា FM107.50MHz ក្នុងការផលិតកម្មវិធីចម្រុះ ដើម្បីធ្វើការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ រយៈពេល៣ម៉ោងក្នុងមួយថ្ងៃ ចាប់ពីម៉ោង៦:០០នាទីដល់ម៉ោង៩:០០នាទីព្រឹក ប៉ុន្តែបន្ទាប់ពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ បានដំណើរការផ្សាយកម្មវិធីនេះមួយរយៈពេលខ្លីកន្លងមក បានកើតមានប្រតិកម្មពីសំណាក់មហាជនជាច្រើនធ្វើការរិះគន់ទៅលើពិធីករ-ពិធីការិនីកម្មវិធីចម្រុះ ABC 3 Spring ដែលបានប្រព្រឹត្តិនូវអំពើពុំគួរគប្បី ដោយសម្តែងកាយវិការមិនសមរម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មាន និងបានប្រមាថមើលងាយអ្នកស្តាប់ ក៏ដូចជាទស្សនិកជនក្នុងពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពិធីករ-ពិធីការិនីផ្សេងទៀត ។
ដើម្បីបញ្ចប់នូវប្រតិកម្មពីសំណាក់មហាជន និងភាពអសកម្មទាំងឡាយដែលបានកើតឡើងជាបន្តបន្ទាប់មកនេះ ក្រសួងព័ត៌មានតម្រូវឱ្យបញ្ឈប់កិច្ចសហការផលិតកម្មវិធីផ្សាយរវាងស្ថានីយ៍វិទ្យុ-ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ ជាមួយស្ថានីយវិទ្យុ ABC កម្ពុជា FM107.50 MHz ជាបន្ទាន់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕