ទឹកជំនន់នៅថៃបង្កការជន់លិចរាលដាលដល់ខេត្ត ១២
សារព័ត៌មាន Cambodia News/
ថៃ (០៦ ធ្នូ ២០១៦) ៖ ក្រុមគ្រួសារដ៏ច្រើននិងសកម្មភាពពាណិជ្ជកម្មនៅតំបន់ភាគខាងត្បូងនៃប្រទេសថៃ បានទទួលរងគ្រោះខ្លាំងដោយទឹកជំនន់ ខណៈដែលសេវកម្មរថភ្លើង ដែលទៅកាន់តំបន់នោះ ត្រូវបានផ្អាក បន្ទាប់ពីផ្លូវដែកជាច្រើនខ្សែត្រូវបានខូចខាតដោយទឹកជំនន់។
យ៉ាងតិចណាស់មាន១២ខេត្តនៅតំបន់ភាគខាងត្បូថៃនេះបានទទួលរងគ្រោះដោយទឹកជំនន់ដែលបានចាប់ផ្តើមជន់លិចកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ១២ខេត្តនៅតំបន់ភាគខាងត្បូង ដែលបានទទួលរងគ្រោះដោយទឹកជំនន់នេះគឺមានខេត្តជុំផន ខេត្តស៊ូរ៉ាត់ថានី ខេត្តណាខន ស៊ីថាមរ៉ាត់ ខេត្តផាថាលុង ខេត្តសុងក្លា ខេត្តប៉ាតានី ខេត្តយ៉ាឡា ខេត្តណារ៉ាធីវ៉ាត់ ខេត្តភូកេត ខេត្តក្របី ខេត្តត្រាង និង ខេត្តសាទុន។
មនុស្សរាប់ម៉ឺននាក់ បានទទួលរងផលប៉ះពាល់ពីទឹកជំនន់នេះ។ មនុស្សយ៉ាងតិចណាស់ចំនួន១១នាក់ បានស្លាប់ដោយសារទឹកជំនន់នេះ។ នេះបើយោងតាមក្រុមអាជ្ញាធរ។ លោក វីនថៃ ស៊ូវ៉ារី (Winthai Suvaree) អ្នកនាំពាក្យកងទ័ព បាននិយាយថា លោក ប្រាយុទ្ធ ចាន់ អូចា បានបញ្ជាឱ្យកងទ័ពផ្តល់ជំនួយដល់ប្រជាជននៅខេត្តចំនួន១២ដែលរងគ្រោះដោយទឹកជំនន់នេះ៕