គ.ជ.ប បន្ថែមពេលចុះឈ្មោះបោះឆ្នោត១ថ្ងៃស្អែកថែមទៀត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ វិច្ឆិកា ២០១៦) ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចបន្ថែមរយៈពេល១ថ្ងៃទៀត សម្រាប់ការចុះឈ្មោះបោះឆ្នោត ពោលគឺការចុះឈ្មោះនេះ នឹងត្រូវបញ្ចប់នៅម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះវិញ។ នេះបើតាមការឲ្យដឹងពី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ដែលបានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៩ វិច្ឆិកានេះ។
សូមបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋខ្មែរចំនួន ៧.៧៦៤.៦៥៣នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត។ បើធៀបនឹងពលរដ្ឋដែលមានសិទ្ធិចុះឈ្មោះ ៩,៦លាននាក់ គឺមានពលរដ្ឋខ្មែរប្រមាណជិត២លាននាក់ឯណោះដែលមិនបានទៅចុះឈ្មោះ បោះឆ្នោត។
លោក ហង់ ពុទ្ធា បានបញ្ជាក់ថា ករណីនេះទោះជាខ្វះជិត២លាននាក់មែន ប៉ុន្តែក្នុងចំណោមជិត២លាននោះក៏មានពលរដ្ឋខ្មែរជាង១លាននាក់ដែរ បានទៅធ្វើការនៅប្រទេសថៃ និង មួយចំនួនទៀតនៅប្រទេសដទៃ ហើយពួកគាត់មិនបានមកចុះឈ្មោះទេ។
លោកថា គ.ជ.ប បានថ្លឹងថ្លែងយ៉ាងយកចិត្តទុកដាក់ចំពោះរឿងនេះ៕