ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នឹងត្រូវពន្យារពេល ដល់ឆ្នាំក្រោយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ វិច្ឆិកា ២០១៦) ៖ ថ្លែងនៅក្នុងវេទិកាប្រចាំឆ្នាំ ដែលរៀបចំដោយ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌ មានបានមានប្រសាសន៍ថា បច្ចុប្បន្នសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធទទួលបានព័ត៌មាន គឺធ្វើការពិភាក្សាគ្នាបាន មួយភាគបីហើយ ប៉ុន្តែដោយការពិភាក្សាគ្នាយូរ សេចក្តីព្រាងច្បាប់នេះ នឹងអាចពន្យារពេលរហូតដល់ឆ្នាំក្រោយ ដើម្បីដាក់ឲ្យទីស្តីការគណរដ្ឋមន្ត្រីពិនិត្យ មុននឹងបញ្ជូនបន្តទៅសភាអនុម័ត។
ជាមួយគ្នានោះដែរ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា ប្រសិនបើការពន្យាពេលនេះ ធ្វើឡើងដើម្បីបុព្វហេតុស្វែងរកចំណុចល្អរួមគ្នា នោះវាជារឿងល្អ។ ពីព្រោះបើយើងប្រញ៉ាប់ប្រញាលក្នុងការអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលមិនទាន់បានយល់គ្នា ដែលមហាជនទូទៅមិនទាន់ទទួលយកបាន វាក៏មិនជាការល្អដែរ ។
គួរបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធទទួលបានព័ត៌មាន ដែលត្រូវបានលើកយកមកពិភាក្សាជាច្រើនខែកន្លងមកហើយនោះ គឺនៅមានចំណុចប្រទាំងប្រទើស ជាពិសេសចំណុចដែលកំណត់អំពីការសម្ងាត់ជាតិ ដែលធ្វើឲ្យបណ្តាស្ថាប័នព័ត៌មាន ក៏ដូចជាអង្គការនានា ចង់ឲ្យមានការបញ្ជាក់ពីនិយមន័យឲ្យបានច្បាស់៕