ភូមិតានន៖ គំរូជោគជ័យនៃកិច្ចសហប្រតិបត្តិការ សង្គមស៊ីវិល កម្ពុជា-ចិន
Cambodia News
(តាកែវ) ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៦ នៅសាលាបឋមសិក្សាអង្គកំនប់ ស្ថិត ក្នុង ឃុំដូង ស្រុកបាទី ខេត្ត តាកែវ ជាទីតាំងនៃកិច្ចពិភាក្សារវាងវេទិកា សម្ព័ន្ធ សង្គម ស៊ីវិល (វ.ស.ស.) និង មូលនិធិ ចិន ដើម្បី សន្តិភាព និង ការអភិវឌ្ឍ (CFPD) បូកសរុប ការងារ រយៈពេល៩ឆ្នាំ ដែលរួមគ្នាអភិវឌ្ឍ មូលដ្ឋាន និងលេីកទិសដៅឈានទៅរៀបចំខួប១ទសវត្សរ៍ នៃចំណងមេត្រីភាពរវាងសង្គមស៊ីវិលនៃប្រទេសយេីងទាំងពីរ កម្ពុជា -ចិន ។
ក្នុងចំណោមរបៀប វារៈ ទាំងអស់ របៀប វារៈ ស្តី ពី ការអភិវឌ្ឍនៅភូមិតានន បានក្លាយជាប្រធានបទដ៏សំខាន់ដែលភាគីទាំងពីរចាត់ទុកថាជាគំរូដ៏មានអត្ថន័យមួយ ដែលឆ្លុះបញ្ចាំងពីកម្លាំងសាមគ្គី និងការប្រកៀកស្មារគ្នាយ៉ាងជិតស្និទ្ធរវាង វ.ស.ស. និង CFPD ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ តាមរយៈកិច្ចសហប្រតិបត្តិការដែលផ្តោតលើមនុស្សជាគោល កម្មវិធី និងគម្រោងនានាត្រូវបានអនុវត្តជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន ចាប់ពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល ទឹកស្អាត អនាម័យ រហូតដល់ការបង្កើនឱកាសសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស។
ឯកឧត្ដម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថា ពីភូមិដែលធ្លាប់ប្រឈមនឹងការខ្វះខាត និងការលំបាកក្នុងជីវភាព ប្រជាពលរដ្ឋនៅភូមិតានន បានទទួលអត្ថប្រយោជន៍ជាក់ស្តែងពីគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលមិនត្រឹមតែជួយកាត់បន្ថយភាពក្រីក្រ ប៉ុន្តែថែមទាំងបង្កើនក្តីសង្ឃឹម និងជំនឿចិត្តរបស់ប្រជាជនក្នុងការកសាងអនាគតរបស់ខ្លួនផងដែរ។ ការផ្លាស់ប្តូរទាំងនេះ បានបង្ហាញថា នៅពេលសង្គមស៊ីវិលនៃប្រទេសទាំងពីរ ចូលរួមសហការគ្នាដោយស្មោះត្រង់ និងមានទិសដៅរួម នោះអាចបង្កើតបាននូវលទ្ធផលដែលមានឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ជីវភាពប្រជាជននៅមូលដ្ឋាន។
លោក Wang Heming អគ្គលេខាធិការ មូលនិធិ ចិន ដើម្បី សន្តិភាព និង ការអភិវឌ្ឍ បានកោតសរសេីរភាពជាដៃគូរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានរួមគ្នានាំភូមិតាននបានក្លាយជាទីតាំងគំរូមួយ សម្រាប់បង្ហាញពីទស្សនវិស័យនៃការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការចែករំលែកផ្លែផ្កានៃការអភិវឌ្ឍទៅដល់ប្រជាជន។ លោកបន្ថែមថា ជោគជ័យនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការធ្វើការរួមគ្នាយ៉ាងអត់ធ្មត់ ការស្តាប់តម្រូវការពិតពីមូលដ្ឋាន និងការបម្លែងក្តីសង្ឃឹមរបស់ប្រជាជនឱ្យក្លាយជាសកម្មភាពជាក់ស្តែង។
រយៈពេល ពេញ១ថ្ងៃ សង្គមស៊ីវិលនៃប្រទេសទាំងពីរ បានពិភាក្សា និង បានរចនាប្លង់មេប្រកបដោយត្រីវិស័យវិទ្យាសាស្ត្រ ដើម្បីបន្តបេសកកម្មចារឹកសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងក្រាំងមាសនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន។ ភាគីទាំងពីរ កំពុងស្វែងរកលទ្ធភាពបើកសោគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើន ទាំងក្នុងវិស័យអប់រំ សុខភាព កសិកម្ម បច្ចេកវិទ្យា ការអភិវឌ្ឍយុវជន និងការលើកកម្ពស់ជីវភាពសហគមន៍ ដើម្បីអបអរសាទរខួប១០ឆ្នាំ (២០១៧–២០២៧) នៃកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យនេះ។
ខួប១០ឆ្នាំខាងមុខ (ឆ្នាំ ២០២៧) មិនត្រឹមតែជាការរំឭកដល់ដំណើរនៃកិច្ចសហប្រតិបត្តិការដែលទទួលបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណុចចាប់ផ្តើមថ្មី សម្រាប់ពង្រីកវិសាលភាពនៃការអភិវឌ្ឍ និងបន្តបង្កើតគម្រោងដែលអាចផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋកម្ពុជាកាន់តែទូលំទូលាយ។ នេះក៏ជាការបង្ហាញថា កិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល កម្ពុជា-ចិន កំពុងឈានពីកម្រិត «ជួយគ្នា» ទៅកាន់កម្រិត «កសាងអនាគតរួមគ្នា» ប្រកបដោយចីរភាព។
បន្ថែម ជាមួយការចែករំលែកព័ត៌មានពីបណ្តាញសារព័ត៌មាននានក្នុងប្រទេសកម្ពុជា ព្រឹត្តិការណ៍នៅថ្ងៃនេះ ទទួលបានការយកចិត្តទុកដាក់ពីស្ថានីយទូរទស្សន៍មជ្ឈិមចិនបានចុះផ្សព្វផ្សាយ និងបង្ហាញពីគំរូជោគជ័យនៃការអភិវឌ្ឍរួមគ្នារវាងសង្គមស៊ីវិលកម្ពុជា-ចិន។ ការផ្សព្វផ្សាយនេះ មិនត្រឹមតែជាការចែករំលែកបទពិសោធន៍ជោគជ័យទៅកាន់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់ពីតម្លៃ និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការមិត្តដែកថែបប្រកបដោយភាពរឹងមាំ និងវិបុលភាពរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ដែលកំពុងរួមចំណែកយ៉ាងសកម្មក្នុងការរួមចំណែកកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់ រដូវកាល ក្នុង យុគសម័យ ថ្មី ៕
