ក្រសួងសុខាភិបាលឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះទទួលទានអាហារក្នុងថ្ងៃបុណ្យអុំទូក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ វិច្ឆិកា ២០១៦) ៖ ដើម្បីជៀសវៀងការពុលចំណីអាហារ និងជំងឺឆ្លងផ្សេងៗ ក្នុងឱកាសដែលប្រជាពលរដ្ឋមកទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណៈជនទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់មុនពេលទទួលទានចំណីអាហារ ដោយត្រួតពិនិត្យឲ្យបានច្បាស់លាស់ ចៀសវាងការពុលចំណីអាហារ។
នេះបើយោងតាមលិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៦ ពោលគឺមុន៣ថ្ងៃ នៃពិធីបុណ្យអុំទូកដែលឈានចូលមកដល់នៅថ្ងៃទី១៣-១៤ និង១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខនេះ។
ក្នុងនោះដែរក្រសួងសុខាភិបាលឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តតាមការអំពាវនាវដូចជា ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាត និងឆ្អិនជានិច្ច។ ត្រូវលាងដៃនឹងសាប៊ូ មុននិងអំឡុងពេលទទួលទានអាហារ។ ទុកដាក់អាហារឆៅ និងឆ្អិនដាចដោយឡែកពីគ្នាមិនត្រូវទុកអាហារជាច្រើនថ្ងៃនោះទេ។
សូមបញ្ជាក់ផងដែរថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ក្រសួងសុខាភិបាល និងអភិបាលរាជធានីភ្នំពេញ បានសហការគ្នា ដាក់ពង្រាយក្រុមគ្រូពេទ្យជិត៩០០នាក់ រថយន្តសង្គ្រោះ១៥គ្រឿង ស្តង់សុខាភិបាល សម្រាប់បម្រើសេវាសុខាភិបាលដែលមានក្រុមគ្រូពេទ្យរង់ចាំជួយសង្គ្រោះប្រជាពលរដ្ឋមានចំនួន១២ទីតាំង គឺស្តង់របស់មន្ទីរសុខាភិបាលចំនួន៨និងស្តង់របស់ក្រសួងសុខាភិបាលចំនួន៤ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋសម្រាប់ ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃខាងមុខនេះ៕