សិស្សសាលាបឋមសិក្សាតាតៃប្រមាណជិត១០០នាក់ពុលចំណីអាហារ
សារព័ត៌មាន Cambodia News/
ខេត្តតាកែវ (១៩ តុលា ២០១៦) ៖ កាលពីរសៀលម្សិលមិញសិស្សានុសិស្សតូចៗ នៃសាលាបឋមសិក្សាតាតៃប្រមាណជិត១០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរ ពេទ្យ ឃុំញ៉ែងញ៉ង និងមន្ទីរបង្អែកស្រុកបន្ទាប់ពីពួកគេមានអាការៈក្អួតចង្អោ ក្រោយពីបានទទួលទានម្ហូបអាហារ ដែលចែកដោយវិទ្យាស្ថានមួយនៅក្នុងស្រុកត្រាំកក់។ ករណីនេះកើតឡើងនៅសាលាខាងលើដែលស្ថិតនៅក្នុងភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។
អភិបាលរងស្រុកត្រាំកក់លោក ជា វ៉ាន់ បានឲ្យដឹងថា ប្រមាណជាជាង៨០នាកនាក់ មានអាការៈក្អួត ចង្អោ បន្ទាប់បរិភាគបាយឆាកញ្ចប់ សាច់ក្រក ទឹកដោះគោ ដែលវិទ្យាស្ថានមួយបានទៅចែក។ លោកបន្តថា សិស្សទាំងអស់នោះត្រូវបានក្រុមគ្រួសារនិងអាជ្ញាធអន្តរាគមន៍បញ្ជូនទៅ មណ្ឌលសុខភាពញ៉ៃញ៉ង និងមួយចំនួនទៀតទៅមន្ទីរពេទ្យបង្អែកអង្គរកាដើម្បីជួយសង្គ្រោះ។ លោកអភិបាលបញ្ជាក់ថា រហូតមកដល់ពេលនេះក្រុមកុមារទាំងអស់នោះមិនមានគ្រោះថ្នាក់ដល់អាយុជីវិត នោះទេ។
ទោះជាយ៉ាងណាមន្ទីរសុខាភិបាលខេត្តបានយកបាយឆា និងម្ហូបអាហារទាំងនោះទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍ឯរាជធានី ភ្នំពេញ ហើយលទ្ធផលយើងនិងដឹងក្នុងពេលឆាប់ៗខាងមុខនេះ៕