សម្តេចតេជោរំលឹកអតីតកាលឈឺចាប់រកទីបំផុតគ្មាន ចំពោះមុខផ្នូរបុត្រហ៊ុន កំសត់
សារព័ត៌មាន Cambodia News/
ត្បូងឃ្មុំ (១៤ កញ្ញា ២០១៦) ៖ ក្នុងដំណើរឆ្ពោះទៅខេត្ត មណ្ឌលគីរី និងរតនគីរី ដើម្បីពិនិត្យមើលសមិទ្ឋផលជាតិ និងជួបសួរសុខទុក្ខមន្រ្តីរាជការ កូនក្មួយសិស្សានុសិស្ស ព្រមទាំងពិនិត្យ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនដល់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធបុត្រហ៊ុន កំសត់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយភាពក្តុកក្តួល អួលដើមករស្រក់ទឹកភ្នែកថា « កំសត់កូនប្រុស ពុកបានមកមើលកូនហើយ។ មកដល់ទីនេះពុកនឹកឃើញរឿងឈឺចាប់ដែលពុក និងម៉ែកូនទទួលរងនូវការឈឺចាប់ដែលមិនអាចបំភ្លេចបានកាលពីថ្ងៃ១០ វិច្ឆិកា ១៩៧៦
កូនអត់ទោសឱ្យពុកដែលមិនបានយកសពកូនទៅបញ្ចុះដោយខ្លួនឯងអាស្រ័យពេលនោះស្ថានភាពពុកអន់ជាងសត្វទៅទៀត។ សត្វវាចេះថែទាំកូនវាតែពុកមិនមានលទ្ធភាពទេកូន។ ការអត់ធ្មត់របស់ពុកនាពេលនោះទើបពុកបង្កើតបាននូវស្ថានភាពដូចនៅពេលនេះសម្រាប់ជាតិនិងប្រជាជនកម្ពុជាទាំងមូល»៕