ពេលវេលាកាន់តែខើច ហើយជីវិតក៏ខ្លីដែរ
បទអត្ថាធិប្បាយ ដោយ ឆាយ សុផល
នយោបាយរវើរវាយ អន្ទះសា ព្យាបាទ ក្រហល់ក្រហាយ ស្លឈាម ចង់តែវាយបំបាក់គូប្រជែងភ្លាមៗឲ្យដូចខ្យល់កន្រ្តាក់ នាំឲ្យអន្តរធានទាំងខ្លួនឯងផង និងអ្នកគាំទ្រផង។
ការចរចាជម្លោះមានពីរប្រភេទ៖
១. ចរចាក្នុងជម្លោះប្រដាប់អាវុធ ដែលភាគីទាំងពីរបន្តប្រយុទ្ធដណ្តើមយកទីតាំងមកកាន់កាប់ឲ្យបានច្រើនទៅតាមការដែលអាចធ្វើបាន ដើម្បីយកប្រៀបលើគូជម្លោះក្នុងការចរចា តែក៏ទាមទារឲ្យមាន Cease fire (បទឈប់បាញ់គ្នា) ដែរ មុនចរចា។
២. ចរចាក្នុងជម្លោះនយោបាយមនសិការ ឬសង្រ្គាមពាក្សសម្តី គឺផ្ទុយពីប្រភេទទី១ ដែលទាមទារឲ្យភាគីទាំងពីរបិទគម្របមាត់មួយរយៈ ដើម្បីឲ្យស្ងប់អារម្មណ៍ និងបានត្រជាក់ចិត្ត មុនចូលតុចរចា។
ប៉ុន្តែនៅកម្ពុជា ស្ថានភាពគឺស្ថិតក្នុងប្រភេទទី២ តែបែរជាភាគីម្ខាងប្រកាន់យកប្រភេទទី១ផង និងទី២ផង ពោលគឺមិនប្រាកដនិយម ព្រោះថា ខណៈកូនចៅសុំចរចា មេនៅតែបន្តវ៉ៃមិនសំចៃមាត់។ នេះមិនខុសពីយកសាំងទៅចាក់លើភ្នក់ភ្លើងដែលជិតនឹងរលត់ទៅហើយនោះទេ ឬថា ទៅដកពុកមាត់ខ្លាដែលកំពុងដេក ឬក៏អាចថាម្យ៉ាងទៀត យកដុំថ្មទៅគប់សម្បុកឱម៉ាល់!
ជំហរបែបនេះ គឺមួយជីវិតពិតជាមិនអាចដឹកនាំរដ្ឋាភិបាលបានឡើយ ហើយក៏អាចនាំទុក្ខទោសដល់មន្រ្តីថ្នាក់ក្រោម និងអ្នកគាំទ្រដែរ។ គិតថាខ្លួនមហាឆ្លាត និងពូកែ តែនៅតែល្ងង់ដោយភ្លេចពាក្យខ្មែរថា “ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ”។
តើការយកឈ្នះសត្រូវនយោបាយគឺមានតែការរិះគន់ ការទម្លាក់កំហុស និងការវាយប្រហារមិនដាក់មាត់តែប៉ុណ្ណឹងទេអី? ឬមួយក៏យកលំនាំតាមលោក ត្រាំ និងលោកស្រី ហ៊ីលឡារី? បើយកបែបនេះ នោះ គឺខុសធំហើយ ព្រោះ ត្រាំ និង ហ៊ីលឡារី មិនមែនស្ថិតក្នុងការចរចាទេ តែជាការឃោសនាដណ្តើមសន្លឹកឆ្នោត។
ល្មមដូរឥរិយាបទខ្លួនឯងខ្លះហើយ មុនខ្លួនចង់ដូរអ្វីៗផ្សេងពីនេះ។ សូមពិចារណាឡើងវិញ ពេលវេលាកាន់តែខើច ឯជីវិតក៏នៅមិនវែងដែរ៕