ក្រសួងអប់រំ ប្រកាសឲ្យសិស្សវិទ្យាល័យផលិតរឿងខ្លី
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១២ កក្កដា ២០១៦) ៖ ក្រសួងអប់រំយុវជននិងកីឡា កាលពីថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៦ បានប្រកាសថា ក្រសួង និងស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសហការរៀបចំការប្រឡងផលិតរឿងខ្លី ៣នាទី ក្រោមប្រធានបទ “ My Hateful Thing ” សម្រាប់សិស្សវិទ្យាល័យ ដើម្បីជ្រើសរើសក្រុមសិស្សដែលមានស្នាដៃផលិតល្អ ទៅចូលរួមមហោស្រពភាពយន្ដកុមារអន្ដរជាតិអាស៊ីឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០១៦ នៅក្រុង Katami Hokkaido ប្រទេសជប៉ុន។
តាមសេចក្តីប្រកាសរបស់ក្រសួង បានឲ្យដឹងថា ការដាក់ពាក្យបានរៀបចំទទួលនៅនាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា ដែលស្ថិតនៅក្នុងបរិវេណសាលាគរុកោសល្យមត្តេយ្យមជ្ឈឹម អគារលេខ ២០១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន មហាវិថីព្រះនរោត្ដម រាជធានីភ្នំពេញ។
តាមសេចក្តីប្រកាស ដដែលបានបញ្ជាក់ថា បេក្ខជនដែលបានដាក់ពាក្យត្រូវចូលរួម ប្រជុំណែនាំ នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៦ នៅស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងការចាប់ផ្តើមផលិតរឿងខ្លី៣នាទី។
ការពិនិត្យវាយតម្លៃរឿង ខ្លី៣នាទី របស់ក្រុមនីមួយៗ និងការប្រកាសលទ្ធផលជ័យលាភីនៅថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) ៕ ដោយ៖ ហេង នាង