ប្រទេស អ៊ីវ៉ូរី ខូសត៍ តស៊ូ​ជាមួយនឹង​ការផ្សះផ្សា ដែល​កំពុងតែ​ធ្លាក់ចុះ​ដុនដាប

ក្រុមអ្នកស្រាវជ្រាវអំពីសិទ្ធិមនុស្ស និងក្រុមសកម្មជនគណបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេស និយាយថា រដ្ឋាភិបាលក្រោយសង្រ្គាមស៊ីវិល នៅក្នុងប្រទេស អ៊ីវ៉ូរី ខូសត៍ (Ivory Coast) បានធ្វើកិច្ចការតិចតួចណាស់សម្រាប់ការផ្សះផ្សា។ ពួកគេក៏បាននិយាយផងដែរថា ប្រភេទនៃយុត្តិធម៌មួយរបស់ អ្នកឈ្នះ និងកងកម្លាំងសន្តិសុខដែលមិនអាចគ្រប់គ្រងបាន កំពុងតែធ្វើឱ្យការបែកបាក់នយោបាយដែលមានស្រាប់ មានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើង។

ជនជាតិ អ៊ីវ៉ូរី ជាងមួយរយនាក់ ដែលកាលពីមុនគឺជាមនុស្សជិតស្និទជាមួយនឹងអតីតប្រធានាធិបតី លោក ឡូរ៉ង់ ក្បាបូ (Laurent Gbagbo) ដែលរួមទាំង សមាជិកគ្រួសារផង កំពុងត្រូវបានឃុំខ្លួននៅក្នុងប្រទេស អ៊ីវ៉ូរី ខូសត៍។

ពួកគេប្រឈមមុខនឹងការចោទប្រកាន់ទាំងឡាយ ដែលរាប់ចាប់ពីឧក្រិដ្ឋកម្មសេដ្ឋកិច្ច ទៅការរៀបចំឱ្យមានអំពើហឹង្សា នៅក្រោយពេលនៃការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីក្នុងឆ្នាំ២០១០។ ហើយសមាជិករបស់ពួកគេបន្តមានចំនួនកើនឡើង។

នៅលើកញ្ចក់ទូរទស្សន៍របស់រដ្ឋ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ហាមេដ បាកាយ៉ូកូ (Hamed Bakayoko) អានឯកសារ ដែលលោក បាននិយាយថា ត្រូវបានរឹបអូសយកពីមេបញ្ជាការ សេកា យ៉ាប៉ូ អានសែលម៉េ (Seka Yapo Anselme) ខណៈពេលដែលមេបញ្ជាការរូបនេះ ត្រូវបានគេអះអាងថា កំពុងធ្វើដំណើរពីប្រទេស ហ្គាណា (Ghana) ទៅកាន់ប្រទេស ហ្គីនា (Guinea) ដើម្បីជ្រើសរើសទាហានស៊ីឈ្នួល។

អតីតជំនួយការសន្តិសុខរបស់លោក ក្បាបូ ត្រូវបានបង្ហាញដោយខ្លួនទទេគ្មានអាវ ជាមួយនឹងលិខិតឆ្លងដែនមួយនៅក្នុងដៃរបស់គាត់។

លោក បាកាយ៉ូកូ បាននិយាយថា អាជ្ញាធរបានរៀបចំគម្រោងការអាក្រក់មួយ ដើម្បីរំលំរដ្ឋាភិបាល ហើយបានសន្យាចំពោះការចាប់ខ្លួនបន្ថែមទៀត។

ព្រត្តិការនេះត្រូវបានបន្តយ៉ាងប្រកៀក ជាមួយនឹងការចាប់ខ្លួននៃអតីតសម្ព័ន្ធមិត្រសំខាន់មួយរូបរបស់លោក ក្បាបូ (Gbagbo) ដែលកំពុងរស់នៅក្នុងប្រទេស តូហ្គូ (Togo) គឺលោក ម័ស លីដា គូស៊ី (Moise Lida Kouassi) ក៏ដូចជាការវាយប្រហារដ៏ប្រល័យ ដោយក្រុមប្រដាប់អាវុធមួយ ទៅលើជនស៊ីវិលនិងកង រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្បែរព្រំដែននៃប្រទេស លីប៊ីរីយ៉ា (Liberia)។

អាជ្ញាធរ អ៊ីវ៉ូរី កំពុងស្វែងរកកិច្ចសហការពីប្រទេសជាច្រើននៅក្នុងទ្វីបអាហ្រ្វិក ខាងលិច ដែលរួមទាំងប្រទេស លីប៊ីរីយ៉ា (Liberia) ដែលនៅទីនោះ អតីត សម្ព័ន្ធមិត្រទាំងឡាយរបស់លោក ក្បាបូ ដែលគេចង់ចាប់ខ្លួន ត្រូវបានគេជឿថា កំពុងលាក់ខ្លួន។

លោក ក្បាបូ ខ្លួនឯង ត្រូវបានចាប់ឃុំឃាំងរយៈពេល៨ខែ នៅភាគខាងជើងនៃប្រទេស អ៊ីវ៉ូរី ខូសត៍ មុនពេលត្រូវបានប្រគល់ខ្លួន ទៅឱ្យតុលាការ ព្រហ្មទណ្ឌ អន្តរជាតិ (International Criminal Court) នៅក្នុងទីក្រុង ឡាអេ (Hague) កាលពីឆ្នាំទៅ។

អតីតមេដឹកនាំរូបនេះ ឥឡូវនេះកំពុងរង់ចាំសវនាការនាខែសីហា ថាតើលោកគួរប្រឈមមុខនឹងការចោទប្រកាន់ពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស ជាតិឬយ៉ាង ណា។

នៅក្នុងបរិបទនេះ អតីតអ្នកនាំពាក្យមួយរូបរបស់លោក ក្បាបូ គឺលោក អាឡាំង ទូសាំងត៍ (Alain Toussaint) បាននិយាយថា លោកប្រាកដជាឆ្កួត ប្រសិន បើលោកវិលត្រឡប់ទៅកាន់ប្រទេសរបស់លោកវិញ។

ថ្លែងទៅកាន់វីអូអេក្នុងកំឡុងពេលទស្សនកិច្ចនាពេលថ្មីៗមួយទៅកាន់ រដ្ឋធានី វ៉ាស៊ីនតោន លោកបាននិយាយថា លោកមិនមានព្រលឹងអត្តឃាតមួយនោះទេ។

«ខ្ញុំចង់មានសេរីភាពក្នុងការធ្វើដំណើរ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពនៃការគិត ដោយមិនប្រថុយប្រថានទៅនឹងការទទួលបានគ្រាប់ កាំភ្លើងមួយ»។

អតីតគណបក្សរបស់លោក ក្បាបូ គឺគណបក្សរណសិរ្សប្រជាពលរដ្ឋអ៊ីវ៉ូរី (Ivorian Popular Front) បានធ្វើពហិការនៃការបោះឆ្នោតសភា ក៏ដូចជាកិច្ចប្រជុំ ផ្សះផ្សាជាតិទាំងឡាយ នៅក្រោយពេលនៃវិបត្តិ។

ក្រុមមេដឹកនាំគណបក្ស ដែលមិនត្រូវបានចាប់ឃុំខ្លួននិយាយថា ពួកគេត្រូវបានយាយីនិងទទួលរងការធ្វើបាប ជាមួយនឹងនិទណ្ឌភាព ដោយកងកម្លាំង សន្តិសុខ។

ពួកគេបដិសេធការចោទប្រកាន់ដែលថា សម្ព័ន្ធមិត្ររបស់លោក ក្បាបូ ស្ថិតនៅពីក្រោយការវាយប្រហារនៅថ្ងៃទី៨ ខែមិថុនា ក្បែរទីក្រុង តៃ (Tai) ដោយធ្វើការចោទប្រកាន់ជាជំនួសអំពីការវាយប្រហារនេះ ទៅលើការអះអាងស្តីពីការជ្រើសរើសទាហានស៊ីឈ្នួលពីប្រទេស ប័រគីណា ហ្វាសូ (Burkina Faso)។

លោកប្រធានាធិបតី អាឡាសង់ អូអាតារ៉ា (Alassane Ouattara) ដែលបានឡើងកាន់អំណាច បន្ទាប់ពីត្រូវបានប្រកាសថា ជាអ្នកឈ្នះនៅក្នុងការបោះ ឆ្នោតប្រកបដោយជម្លោះ បានធ្វើការសន្យាម្តងហើយម្តងទៀត ថាលោកនឹងស្វែងរកទាំងការផ្សះផ្សាជាតិនិងយុត្តិធម៌។

ប៉ុន្តែ កងទ័ពដែលគាំទ្រលោក អូអាតារ៉ា មួយរូប មិនទាន់ត្រូវបានចាប់ខ្លួន ហើយវេទិការផ្សះផ្សាទាំងឡាយដែលបានគ្រោងទុក មានភាពយឺតយ៉ាវនៅក្នុងការ ចាប់ផ្តើម។

ក្រុមឧទ្ទាមដែលគាំទ្រលោក អូអាតារ៉ា បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មទាំងឡាយ ក្នុងកំឡុងពេលនៃការគ្រប់គ្រងរបស់ពួកគេនៅភាគខាងជើងនៃប្រទេស អ៊ីវ៉ូរី ខូសត៍ នៅក្នុងអណត្តិប្រធានាធិបតីរបស់លោក ក្បាបូ ប៉ុន្តែ សមាជិករបស់ពួកគេមិនទាន់ត្រូវបានប្រឈមមុខនឹងការចោទប្រកាន់នៅឡើយទេ។

លោក ម៉ាត់ វែលស៍ (Matt Wells) ដែលមកពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មានការខ្វល់ ខ្វាយ អំពីអតុល្យភាពនេះ។

«មានអារម្មណ៍មួយថា ប្រព័ន្ធយុត្តិធម៌មិនអាចជឿទុកចិត្តបាន ហើយថាបរាជ័យនៃនីតិរដ្ឋយ៉ាងពិតប្រាកដនៅក្នុងប្រទេស ខូតឌីវ័រ (Cote d’Ivoire) បានជួយ ទ្រទ្រង់ បន្ថែមទៅដល់អំពើហឹង្សាកាលពីមួយទសវត្សរ៍កន្លងមក។ ដូច្នេះ ការស្តារឡើងវិញនូវនីតិរដ្ឋ គឺមានសារសំខាន់ ហើយនឹងអាចកើតមានឡើងបាន ទាល់តែនៅពេលដែលរដ្ឋាភិបាលរបស់លោក អូអាតារ៉ា បង្ហាញថា ភាគីរបស់ខ្លួនគឺមិនស្ថិតនៅពីលើច្បាប់»។

តំបន់ដ៏គួរឱ្យព្រួយបារម្ភជាក់លាក់មួយ គឺទីក្រុងភាគខាងលិច ឌុគូ (Duekoue) ដែលមានភាពតានតឹងផ្នែកជាតិពន្ធុ ដែលនៅទីនោះ ការរំលោភបំពានពី សំណាក់ កងកម្លាំងសន្តិសុខប្រឆាំងនឹងជនស៊ីវិលនៅតែបន្ត។

ឧទាហរណ៍ដែលអាក្រក់ជាងនេះទៅទៀត គឺនៅក្នុងខែមីនា ឆ្នាំ២០១១ ដែលនៅពេលនោះ ជនស៊ីវិលរាប់រយនាក់ត្រូវបានសម្លាប់ នៅពេលដែលកងកម្លាំង ដែល គាំទ្រលោក អូអាតារ៉ា ដែលមានមូលដ្ឋាននៅភាគខាងជើង បានធ្វើការវាយប្រហារប្រកបដោយការសម្រេចចិត្តមួយ ទៅលើទីតាំងដែលនៅសេសសល់ ទាំងឡាយរបស់លោក ក្បាបូ។

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលមានមូលដ្ឋាននៅក្នុងទីក្រុង ឡុងដ៍ (London) បានអំពាវនាវឱ្យមានការ ពិនិត្យមើលឡើងវិញមួយ ទៅលើក្រមព្រហ្មទណ្ឌជាតិរបស់ប្រទេស អ៊ីវ៉ូរី ដើម្បីធានាឱ្យបានថា ច្បាប់នេះអាចកាត់ទោសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាម ប្រកបដោយប្រសិទ្ធភាពនៅចំពោះមុខតុលាការជាតិ។

ការស្រាវជ្រាវរបស់ខ្លួនបានចង្អុលបង្ហាញថា ការសម្លាប់នៅក្នុងតំបន់ ឌុគូ គឺជាផ្នែកមួយនៃការវាយប្រហារក្នុងទ្រង់ទ្រាយធំទៅលើជនស៊ីវិល ពីទាំងសំណាក់ កងកម្លាំង ដែលគាំទ្រលោក ក្បាបូ និងកងកម្លាំងដែលគាំទ្រលោក អូអាតារ៉ា។

ជាជាងការចាប់ខ្លួនបន្ថែមទៀត លោក ទូសាំងត៍ និយាយថា លោកចង់ឃើញកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់មួយ រវាងរដ្ឋាភិបាលនិងក្រុមអ្នកគាំទ្រ របស់លោក ក្បាបូ ក៏ដូចជាការដោះលែងជាបន្ទាន់នៃជនទាំងឡាយណា ដែលមិនបានធ្វើអ្វីខុសទាល់តែសោះ។

«សន្តិភាពនៅក្នុងប្រទេស អ៊ីវ៉ូរី ខូសត៍ គឺមានភាពផុយស្រួយខ្លាំង ដូចពេលបច្ចុប្បន្ននេះ។ ប្រជាពលរដ្ឋ អ៊ីវ៉ូរី សមនឹងទទួលបានការរស់នៅ ដោយមិនមានការ ភ័យខ្លាចពីរដ្ឋប្រហារថ្មីមួយ ឬអំពើឃោរឃៅថ្មីៗ។វាគឺមិនស្ថិតនៅក្នុងផលប្រយោជន៍របស់ជនណាម្នាក់នោះទេ នៅក្នុងការការពារសន្តិភាពជានិរន្តនៅក្នុង ប្រទេស របស់យើង»។

ក្រុមមន្រ្តីរដ្ឋាភិបាល អ៊ីវ៉ូរី និយាយថា ពួកគេត្រៀមខ្លួនរួចជាស្រេច នៅក្នុងការធ្វើការងារជាមួយគូរបដិបក្ខនយោបាយ ដែលនឹងទទួលយកលោក អូអាតារ៉ា ជាប្រធានាធិបតីរបស់ពួកគេ ប៉ុន្តែ មិនមែនជាមួយអ្នកទាំងឡាយ ដែលនៅតែបន្តប្រឆាំងទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ននោះទេ៕ដោយ ឌី ខាំបូលី (VOA)

Related Articles

Back to top button
Close
Close