មនុស្ស ២៨នាក់បាត់បង់ជីវិតដោយសារទឹកជំនន់នៅប៉ាគីស្ថាន
សារព័ត៌មាន Cambodia News/
ប៉ាគីស្ថាន (០៥ កក្កដា ២០១៦) ៖ មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ទឹកជំនន់ដ៏អាក្រក់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងៗ បានសម្លាប់មនុស្ស ២៨នាក់ក្នុងភាគខាងជើងប្រទេសប៉ាគីស្ថាន រួមទាំងមនុស្សមួយចំនួនដែលត្រូវបានកួចហូរតាមទឹក ខណៈកំពុងសូត្រធម៌នៅវិហារសាសនា។
ពលរដ្ឋនិយាយថា ព្យុះភ្លៀងបានចាប់ផ្ដើមវាយលុកស្រុកជីត្រាលក្នុងខេត្ត Khyber Pakhtunkhwa ក្បែរព្រំដែន ប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពីថ្ងៃសៅរ៍ ទី២ កក្កដា និងបន្តរហូតដល់ពេលយប់។
មន្ត្រីរដ្ឋបាលស្រុកជីត្រាលនិយាយថា ពលរដ្ឋមួយចំនួនកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីទឹកជំនន់យ៉ាងធ្ងន់ធ្ងរហូរកួចវិហារសាសនាអ៊ីស្លាម ក្នុងស្រុកមួយកន្លែងនៅទីក្រុង Drosh ស្រុកជីត្រាល។ យោធាប៉ាគីស្ថាននិយាយក្នុងរបាយការណ៍ថា ទាហានកំពុងមមាញឹកក្នុងប្រតិបត្តិការជួយសង្គ្រោះ និងស្វែងរកអ្នកបាត់ខ្លួន៕