នគរបាលចរាចរណ៍ប្រកាសបង្កើនផាកពិន័យចំពោះអ្នកមិនពាក់មួកសុវត្ថិភាព
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (២៨ មិថុនា ២០១៦) ៖ នគរបាលជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាឲ្យស្នងការនគរបាលរាជធានីខេត្តទាំងអស់ ត្រូវពង្រឹងចាត់វិធានការឲ្យបានតឹងរ៉ឹងថែមទៀត ចំពោះអ្នកធ្វើដំណើរដោយម៉ូតូទាំងឡាយណា ដែលមិនពាក់មួកសុវត្ថិភាព ពិសេសការពង្រឹងតាមរយៈផាកពិន័យ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំ និងផែនការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោគ នៅអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី២៧ ខែ មិថុនា ឧត្តមសេនីយឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ថ្លែងថា នគរបាលចរាចរណ៍បានប្រើប្រាស់ពេលវេលាជាច្រើនខែសម្រាប់អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅតាមមូលដ្ឋានឲ្យប្រជាពលរដ្ឋបានយល់ជ្រាបផ្គួបផ្សំនឹងការមានវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ជាបន្តបន្ទាប់ ប៉ុន្តែមកដល់ពេលនេះ នៅតែមានប្រជាពលរដ្ឋជាច្រើនពិសេសនៅតាមខេត្តឆ្ងាយៗនៅមិនទាន់ភ្ញាក់រលឹកពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរដោយម៉ូតូ។
ឯកឧត្តមបន្តថា ក្នុងសកម្មភាពចាត់វិធានការចំពោះអ្នកធ្វើដំណើរជិះម៉ូតូមិនពាក់មួកសុវត្ថិភាពនោះគឺកងកំលាំងនគរបាលប្រចាំការនៅតាមដងផ្លូវត្រូវពង្រឹងចាប់ផាកពិន័យដោយមិនលើកលែងគ្មានការរើសអើងឬក្នុងករណីមិនព្រមទទួលវិក្កយបត្របង់ផាកពិន័យត្រូវឲ្យគេទៅរកទិញមួកសុវត្ថិភាពមកពាក់បានមុននឹងឲ្យគេធ្វើដំណើរបន្ត និងត្រូវមានវិធានការផ្សេងៗទៀតឲ្យបានសមស្របជៀសវាងការប្រឌិតកំហុសឲ្យទៅដល់អ្នកធ្វើដំណើរ៕