ក្រុមជួញដូរអាវុធ ៦នាក់ត្រូវបានតុលាការរដ្ឋញូវយ៉កកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ ២៥ឆ្នាំ
សារព័ត៌មានយុវវ័យថ្មី/
អាមេរិក (២៦ មេសា ២០១៦) ៖ លោក សាយ រឺសវ៉ាន មេធាវីនៅក្នុងស្រុកនៃរដ្ឋញូវយ៉កបានប្រកាស ការចោទប្រកាន់ទៅលើមនុស្ស ៦នាក់ដាច់ដោយឡែកពីគ្នា ពីបទជួញដូរអាវុធដោយខុសច្បាប់នៅក្នុងរដ្ឋនេះ។
សេចក្តី រាយការណ៍កាលពីថ្ងៃចន្ទម្សិលមិញបន្តថា ជនជាប់ចោទទាំង ៦នាក់បានតុលាការក្រុងញូវយ៉កចោទប្រកាន់លើបទឧក្រិដ្ឋ១១៩ ដែលក្នុងនោះមានដូចជាការរួមគំនិតក្បត់, ការជួញដូរអាវុធសម្រាប់ប្រព្រឹត្តបទឧក្រិដ្ឋ, ការប្រើប្រាស់អាវុធ ដើម្បីប្រហារជីវិតមនុស្សជាដើម។
ក្នុង សេចក្តីប្រកាសបន្តទៀតថា យ៉ាងហោចណាស់ក៏ជនជាប់ចោទម្នាក់ៗ ត្រូវមានទោសជាប់ក្នុងពន្ធនាគាររយៈពេល ២៥ឆ្នាំពីបទជួញដូរអាវុធវែងខ្លីគ្រប់យ៉ាងចំនួន ៨២ដើម ដោយរួមទាំងគ្រាប់រំសេវសម្រាប់ប្រើប្រាស់ជាមួយអាវុធទាំងនោះផង ។
សេចក្តីរាយការណ៍បញ្ជាក់ថា រដ្ឋញូវយ៉កមានច្បាប់រឹតបន្តឹងយ៉ាងស្វិតស្វាញបំផុត ពីការប្រើប្រាស់អាវុធខុសច្បាប់។ ហើយនគរបាលក៏បានប្រឹងប្រែងបង្ក្រាប និងតាមពិនិត្យរាល់សកម្មភាពល្មើស លើការប្រើប្រាស់អាវុធខុសច្បាប់នេះក្នុងប្រតិបត្តិការមានឈ្មោះ ថា បំពង់ដែកស្ថិតនៅក្នុងបេសកកម្មប្រមាញ់លំហូរជួញដូរអាវុធ មកពីតំបន់រដ្ឋទាំងឡាយនៅភាគខាងត្បូងអាមេរិក ដែលជាតំបន់បាត់បង់ការទប់ស្កាត់អាវុធខុសច្បាប់នេះ៕