សាលារាជធានីទិញរថយន្តបោសសម្អាតផ្លូវទំនើបពីប្រទេសចិន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ មីនា ២០១៦) ៖ សាលារាជធានីភ្នំពេញ បានកុំម៉ង់ទិញរថយន្ត បោស បូម និងបាញ់លាងសំអាតផ្លូវពីប្រទេសចិន ដែលមានលក្ខណៈទំនើបមិនធ្លាប់មានពីមុនមក ដើម្បីជម្រុញការងារបរិស្ថាន និងអនាម័យទីក្រុង ជាពិសេសជួយលើកមុខមាត់រាជធានីភ្នំពេញឲ្យកាន់តែមានសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៏ផងដែរ ។
មន្ត្រី សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ពេលនេះសាលារាជធានី បានទិញរថយន្ត សម្រាប់បោស បូម និងបាញ់លាងសំអាតថ្នល់ ដែលរថយន្តនេះមានលក្ខណៈទំនើប ដោយមានភ្ជាប់ឧបករណ៏បោសដី បូមដី និងបាញ់ទឹកមិនឲ្យហុយនៅពេលបោស អាចផ្ទុកធូលីដីបាន៤ម៉ែត្រគូប និងទឹកសម្រាប់បាញ់លាងប្រមាណ២ម៉ែត្រគូប ។
រថយន្តនេះមានអំបោស នៅពីក្រោម នៅពេលបោសសំអាតមិនហុយ ឬរំខានដល់អ្នករស់នៅជិតខាង និងមានប្រព័ន្ធបញ្ជាទំនើប មិនចាំបាច់ប្រើមនុស្សច្រើន មានភ្លើងហ្វាខាងក្រោម និងខាងក្រោយសម្រាប់ការងារសំអាតនៅពេលយប់ផងដែរ ។
ពេលនេះ ទើបមានមួយគ្រឿងប៉ុណ្ណោះ ទំនងទិញយកមកសាកល្បង ។ ប្រសិនបើប្រើទៅមានប្រសិទ្ធភាពលាង បោសសំអាតស្អាត ជាងប្រើកម្លាំងមនុស្សមែន ថ្ងៃក្រោយអាចមានរថយន្ដបែបនេះច្រើនថែមទៀត ដូចនៅតាមទីក្រុងនានា នៃប្រទេសដែលកំពុងរីកចម្រើន ៕