បាតុករនៅអាមេរិកតវ៉ាប្រឆាំងនឹងសម្តេច ហ៊ុន សែន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ កុម្ភៈ ២០១៦) ៖ ប្រជាពលរដ្ឋខ្មែរអាមេរិកកាំងរាប់ រយនាក់នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃអង្គារនេះ បានធ្វើបាតុកម្មប្រមាណជា៥ម៉ោងនៅក្នុងទីក្រុងកាលីហ្វញ៉ា ប្រឆាំងនឹងការដឹកនាំរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ដោយលើកឡើងថារដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
បើតាមរូបភាពដែលបង្ហោះលើហ្វេសប៊ុកសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង បាតុករខ្លះបានលើកបដាទាមទារឲ្យសម្តេច ហ៊ុន សែន ចុះចេញពីតំណែង បញ្ឈប់ការរំលោភបំពាននិងបញ្ឈប់ការសម្លាប់ជាដើម។
គួរបញ្ជាក់ថា កាលពីម្សិលមិញខណៈកំពុងបំពេញទស្សនកិច្ចនៅទីក្រុងSunnylandsនៅRancho Mirageដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន សម្តេច ហ៊ុន សែន បានថ្លែងក្នុងពេលសំណេះសំណាលជាមួយពលរដ្ឋខ្មែរថា ៖ “ខ្ញុំនឹងលេងឲ្យដល់ទី ហើយអាមេរិកកាំងហ៊ានការពារខ្ញុំអត់។ វាត្រូវតែហ៊ាន ព្រោះឲ្យសិទ្ធិគេធ្វើបាតុកម្មហើយ ខ្លាចអីនឹងឲ្យសិទ្ធិការពារ។ ហើយខ្ញុំមិនខ្លាចទេ បើអ្នកឯងសម្លាប់ខ្ញុំ សម្លាប់ទៅ សម្លាប់ក្នុងប្រទេសអាមេរិកទៅ”៕ (ប្រភពពី ហ្វេសប៊ុកសម្ព័ន្ធមិត្តខ្មែរអាមេរិកកាំង)