បន្ទាប់ពីមានអំពើភេរវកម្មផ្ទុះជាបន្តបន្ទាប់ អាមេរិកព្រមានពលរដ្ឋខ្លួនឲ្យបង្កើនការប្រុងប្រយ័ត្ន
សារព័ត៌មាន Cambodia News/
អាមេរិក (២៤ វិច្ចិកា ២០១៥) ៖ នៅថ្ងៃទី២៣វិច្ឆិកា អាមេរិកបានដាច់ចិត្តចេញសារព្រមាន ពីការគំរាមកំហែងភេរវកម្មទូទាំងពិភពលោក និងបានជូនដំណឹងអោយប្រជាពលរដ្ឋខ្លួន ដែលត្រេចចរនៅបណ្តាប្រទេសផ្សេងៗនៅទូទាំងពិភពលោកមានការប្រុងប្រយ័ត្ន។
អាមេរិកបានណែនាំឲ្យពលរដ្ឋខ្លួនត្រូវចេះចាប់អារម្មណ៍ពីស្ថានការណ៍នៅជុំវិញខ្លួន។ ជាពិសេសត្រូវប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ និងចៀសវាងស្ថិតនៅកន្លែងមានហ្វូងមនុស្សកកកុញ។ សារព្រមានពីការគំរាមកំហែងភេរវកម្មនេះនឹងនៅតែមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៦។
បើតាមអាមេរិកថា ក្រុមភេរវករដែលប្រព្រឹត្តអំពើភេរវកម្មខ្លាំង និងធ្វើឲ្យកក្រើកពិភពលោកនាពេលនេះ គឺក្រុមរដ្ឋអ៊ីស្លាម បន្ទាប់គឺក្រុមal-Qaida ក្រុមសកម្មប្រយុទ្ធBoko Haramនិងក្រុមសកម្មប្រយុទ្ធតូចតាចជាច្រើនទៀត។
អាមេរិកបានសង្កត់ធ្ងន់ថា ក្រុមសកម្មប្រយុទ្ធទាំងនេះ នឹងបន្តផែនការវាយប្រហារភេរវកម្មនៅក្នុងតំបន់ជាច្រើន។ ទោះជាយ៉ាងនេះក្តីអាមេរិកក៏មិនទាន់អះអាងដាច់ខាតថា ពលរដ្ឋខ្លួនអាចក្លាយជាគោលដៅពិសេសនៅក្នុងការវាយប្រហារភេរវកម្មដែរ៕