សម្តេចតេជោ បញ្ចេញសារសុំទោសរបស់ឯកឧត្តម សម រង្ស៊ី ក្នុង Facebook
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ វិច្ចិកា ២០១៥) ៖ ក្នុងគណនី Facebook Page សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរ និងបរោយាយដែលមានខ្លឹមសារទាំងស្រុងថា “ដោយសារ សម រង្សី មិនបានគោរពសម្តីដែលខ្លួនបានសរសេរសូមទោស សម្តេចតេជោ ហ៊ុន សែន កាលពីម៉ោង ៦:១៣ នាទី ល្ងាច ថ្ងៃ ២៩ ខែ តុលា ឆ្នាំ ២០១៥ កន្លងទៅនេះ គេហទំព័រ សម្តេចតេជោ សូមបញ្ចេញជាសាធារណៈនូវសារសូមទោសទាំងស្រុងដូចតទៅ ៖
ជំរាបសួរ សម្តេច
ខ្ញុំ សូមថ្លែងអំណរគុណចំពោះសម្តេច ដែលមានទឹកចិត្ត គោរព ស្រឡាញ់ និងឲ្យតម្លៃដល់កូនខ្ញុំ ដូចសម្តេចបានមានប្រសាសន៍ នៅទីក្រុងប៉ារីស ថ្មីៗនេះ។
ខ្ញុំសូមជំរាបសម្តេចវិញថា ភរិយាខ្ញុំ និងរូបខ្ញុំ ក៏គោរព ស្រឡាញ់ និងឲ្យតម្លៃដល់បុត្រាបុត្រីសម្តេច ដូចគ្នាអញ្ចឹងដែរ។ លើសពីនេះទៅទៀត តាំងពីក្រុមគ្រួសារយើងទាំងពីរបានស្គាល់គ្នាមក ហើយបានចាប់ផ្តើមរាប់អានគ្នាមក ព្រមទាំងតាមអ្វីដែលសម្តេចនិងរូបខ្ញុំបានផ្តាំផ្ញើកូនយើងទាំងសងខាងមក ភរិយាខ្ញុំនិងរូបខ្ញំផ្ទាល់បានចាប់ផ្តើមស្រឡាញ់បុត្រាបុត្រីសម្តេច ដូចកូនបង្កើតរបស់យើងខ្ញុំអញ្ចឹង។
ដូច្នេះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីមានការលើកឡើងនិងការបកស្រាយខ្លះ បណ្តាលមកពីបញ្ហាបកប្រែក៏មិនដឹង ដែលខុសស្រឡះ ពីទឹកចិត្តពិតប្រាកដរបស់ខ្ញំចំពោះក្រុមគ្រូសារសម្តេច ដូចបានបញ្ជាក់ខាងលើ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមអភ័យទោស ចំពោះសម្តេច បើខ្ញុំបានធ្វើឲ្យសម្តេចអន់ចិត្តឬខកចិត្ត កន្លែងណាមួយ ដោយអចេតនា។
សូមសម្តេចទទួលនូវសេចក្តីគោរពរាប់អានពីខ្ញុំ
សម រង្ស៊ី”៕