ក្រសួងព័ត៌មានទុកពេល ១ខែទៀតឲ្យទូរទស្សន៍ដូរពេលផ្សាយភាពយន្តបរទេស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ តុលា ២០១៥) ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានឲ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ថា ក្រសួងព័ត៌មានប្រកាសទុកពេល ១ខែទៀត ឲ្យស្ថានីយទូរទស្សន៍ក្នុងស្រុកបញ្ឈប់ការចាក់ផ្សាយភាពយន្តបរទេសចាប់ពីចន្លោះម៉ោង ៧ ដល់ម៉ោង ៩យប់ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះវិញ។
ការទុកពេលនេះដោយមានស្ថានីយទូរទស្សន៍ក្នុងស្រុកមួយចំនួនក៏បានសុំឲ្យក្រសួងពន្យារពេលចាក់ផ្សាយភាពយន្តខ្មែរ ដោយសារស្ថានីយទូរទស្សន៍ទាំងនោះមានបញ្ហាផលិតកម្មវិធី និងការផ្លាស់ប្ដូរម៉ោងផ្សាយ។ ហេតុនេះក្រសួងបានអនុញ្ញាតឲ្យម្ចាស់ស្ថានីយទាំងអស់អាចពន្យារពេលការចាក់ផ្សាយវណ្ណកម្មខ្មែរ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ជាកំហិតវិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកញ្ញា ក្រសួងព័ត៌មាន បានចេញសេចក្ដីជូនដំណឹងមួយ ដោយសម្រេចហាមឃាត់ការចាក់ផ្សាយភាពយន្តបរទេសគ្រប់ប្រភេទនៅតាមកញ្ចក់ទូរទស្សន៍ទាំងអស់ក្នុងប្រទេសកម្ពុជា ចន្លោះម៉ោង ៧ ដល់ ៩យប់ ហើយត្រូវតែចាក់ផ្សាយវណ្ណកម្មខ្មែរដើម្បីចូលរួមលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណភាពយន្តខ្មែរ ដោយអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥៕