លោក សម រង្ស៊ី ថា ខ្មែរបានបាត់បង់ទឹកដីក្នុងការប្រឈមមុខនឹងយួន តាំងពី ៤០០ ឆ្នាំមកហើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ កញ្ញា ២០១៥) ៖ លោកសម រង្ស៊ី បានប្រកាសនៅលើទំព័រ Facebook របស់លោក នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៥នេះថា «បញ្ហាព្រំដែន និងបូរណភាពទឹកដី ប្រទេសកម្ពុជា មិនមែនជាបញ្ហារវាងខ្មែរនិងខ្មែរទេ ហើយក៏មិនមែនជាបញ្ហារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែរ។
ការពិតគឺជាបញ្ហារវាងខ្មែរនិងយួនទេ ហើយបញ្ហានេះ ក៏មិនមែនទើបតែកើតឡើងនៅពេលថ្មីៗនេះដែរ។ ការពិត គឺខ្មែរបានបាត់បង់ទឹកដីក្នុងការប្រឈមមុខនឹងយួន តាំងពី ៤០០ ឆ្នាំមកហើយ (ពេលនោះមិនទាន់មានពាក្យ វៀតណាម នៅឡើយទេ) គឺតាំងពីសម័យ ព្រះបាទជ័យជេដ្ឋាទី២ (គ្រងរាជ្យពីឆ្នាំ ១៦១៨ ដល់ឆ្នាំ ១៦២៧) មកម៉្លេះ។
តាំងពីពេលនោះមកទឹកដីប្រទេសកម្ពុជារួញកាន់តែតូចទៅៗ។ ពេលនោះក៏មិនទាន់មានគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនៅឡើយទេ ។ ដូច្នេះនៅឆ្នាំ ២០១៥ នេះ ខ្មែរអ្នកស្នេហាជាតិទាំងអស់ មិនត្រូវចាញ់ល្បិចបំបែកបំបាក់របស់បរទេសឈ្លានពានទេ ហើយត្រូវរួបរួមគ្នា ជាធ្លុងមួយ ដើម្បីការពារទឹកដីប្រទេសយើងឲ្យបានគង់វង្ស៕