ស្ពានមិត្តភាពកម្ពុជា និងចិន តាខ្មៅ បើកសម្ពោធនាព្រឹកថ្ងៃទី៣សីហានេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ សីហា ២០១៥) ៖ ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ប្រវែង ៨៥៥ ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ និងផ្លូវតភ្ជាប់ប្រវែង ១១,៩៥ គីឡូម៉ែត្រ ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ១ ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី៣សីហានេះ ក្រោមអធិបតីភាពសម្តេចហ៊ុនសែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ឆ្លងទន្លេបាសាក់ ពីក្រុងតាខ្មៅ ទៅសង្កាត់ព្រែកឯង ដែលជាតំណរភ្ជាប់នៃផ្លូវក្រវ៉ាត់រាជធានីភ្នំពេញ ពីផ្លូវជាតិលេខ២ ទៅកាន់ផ្លូវជាតិលេខ១ ដែលមានតួនាទីជាផ្លូវវៀង និងបញ្ចៀសការដឹកជញ្ជូនទំនិញធន់ធ្ងន់ តាមស្ពានភ្លោះព្រះមុនីវង្ស ហើយវាក៏ជាផ្នែកមួយ នៃការពន្លឿនការអភិវឌ្ឍន៍តំបន់ប៉ែកខាងត្បូង ឆៀងខាងកើតរាជធានីភ្នំពេញ។
ស្ពានមិត្ត ភាពកម្ពុជា ចិន តាខ្មៅ ឆ្លងកាត់ទន្លេបាសាក់នេះ ចំណាយថវិកាសរុបប្រមាណ ៣២,៨៩ លានដុល្លារ ដែលជាហិរញ្ញប្បទានពីប្រទេសចិន រួមជាមួយថវិកាបដិភាគមួយចំនួនថែមទៀត សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតមីន និងកាកសំណល់សង្គ្រាម។
គួរបញ្ជាក់ថា ស្ពានស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ ចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១២ រយៈពេលសាងសង់ ៤២ ខែ បានបញ្ចប់ការសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥៕