កម្ពុជាអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីបរិស្ថាន និងសុខភាព
ដោយ៖ ហេង នាង
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២នេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីបរិស្ថាន និងសុខភាព ដើម្បីដាក់ចេញវិធីសាស្រ្តរួមមួយ ក្នុងការគ្រប់គ្រង វាយតម្លៃ កត្តាបរិស្ថានដែលប៉ះពាល់ដល់សុខភាព និងលើកកម្ពស់គុណភាពជីវិត របស់ប្រជាពលរដ្ឋកម្ពុជា។
យោងតាមសេចក្តីប្រកាសលទ្ធផលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា ប្រទេសកម្ពុជាបានចូលរួម ក្នុងការផ្តួចផ្តើមថ្នាក់តំបន់ របស់កម្មវិធី បរិស្ថានពិភពលោក និងអង្គការសុខភាពពិភពលោក លើបញ្ហាសុខភាព និងបរិស្ថាន ជាមួយទេសអាស៊ីអាគ្នេយ៍ និងប្រទេសអាស៊ីប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ឆ្នាំ២០០៤ នៅទីក្រុងបាងកកប្រទេសថៃ ឆ្នាំ២០០៧ និងនៅកោះហ្សេហ្សូ ប្រទេសកូរ៉េខាងត្បូង ឆ្នាំ២០១០ ក្នុងគោលបំណង ចូលរួមទប់ស្កាត់ផលប៉ះពាល់បរិស្ថាន និងផលប៉ះពាល់សុខភាព ដែលបង្កដោយមនុស្ស និងបាតុភូតធម្មជាតិ។
សេចក្តីព្រាង គោលនយោបាយជាតិបរិស្ថាន និងសុខភាព ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល បានបង្ហាញពីគោលបំណង និងដាក់ចេញវិធីសាស្រ្តរួម ក្នុងការគ្រប់គ្រង តាមដានវាយតម្លៃកត្តាបរិស្ថាន ដែលប៉ះពាល់ដល់សុខភាព សុខុមាលភាព និងលើកកម្ពស់គុណភាពជីវិត របស់ប្រជាពលរដ្ឋកម្ពុជា៕