ក្រសួងអប់រំ មិនទាន់អាច ប៉ាន់ស្មាន សិស្សប្រឡងលើកទី២ ជាប់ប៉ុន្មានភាគរយ
សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (២៨ តុលា ២០១៤) ៖ នៅថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការ ប្រកាស លទ្ធផល នៃការប្រឡងសញ្ញាបត្រទុតិយភូមិលើកទី២ នៅទូទាំងប្រទេស ប៉ុន្តែទោះ បីជាយ៉ាងណាក៏ដោយ ក៏ក្រសួងមិនទាន់អាចធ្វើការសន្មតថា នឹងជាប់ប៉ុន្មាន ភាគរយនៅឡើយទេ។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ បានមានប្រសាសន៍ប្រាប់ យើងមិនទាន់អាចដកស្រង់បានទេ ព្រោះយើងកំពុងកែវិញ្ញាសារទាល់ តែយើងដកស្រង់ពីមុខវិទ្យាទៅ មុខវិទ្យាទៀតហើយបូក សរុបបញ្ចូលគ្នាទើបអាចដឹង ប្រហែលជា៣ទៅ៤ថ្ងៃទៀតកំណែវិញ្ញាសារនឹងបញ្ចប់ ហើយក្រសួងនឹង អាចវាយតម្លៃថា ជាប់ប៉ុន្មានភាគរយហើយ។
សូមបញ្ជាក់ថា បេក្ខជនប្រឡងលើកទី២នេះ មានចំនួនជិត៧ម៉ឺននាក់ និងមណ្ឌល១១៧ ក្នុងនោះ មានបន្ទប់ ចំនួន ២៧៥២ បន្ទប់ គ្រប់រាជធានី ខេត្ត ។ ក្នុងនោះអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិមាន ចំនួនជាង ៣០០០នាក់។ កាលពីប្រឡងបាក់ ឌុបលើទី១នៅថ្ងៃទី៤-៥ ខែសីហា មានបេក្ខជនប្រឡង ជាប់ សរុប ចំនួន២៣១២៦នាក់ ត្រូវជា ២៥,៧២ភាគរយក្នុងចំណោម សិស្សសរុប ៨៩៩៣៧នាក់ ៕