សាលាក្រុងដាក់ឲ្យដំណើរការសេវារថយន្តក្រុងខ្សែទី៣
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ កញ្ញា ២០១៤) ៖ រថយន្តក្រុងខ្សែទី៣ចេញដំណើរការជាផ្លូវការហើយនៅថ្ងៃទី ១៥ ខែកញ្ញានេះតទៅ បន្ទាប់ពីការសាកល្បងពីរថ្ងៃមុន។ ការដាក់ឲ្យដំណើរការនូវសេវារថយន្តក្រុងសាធារណៈខ្សែទី៣នេះ គឺដើម្បីជួយសម្រាលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការកកស្ទះចរាចណ៍បន្ថែមទៀត បន្ទាប់ពីរថយន្តក្រុងខ្សែទី១ និងខ្សែទី២ដែលបានដាក់ឲ្យដំណើរការកន្លងមក ទទួលបានជោគជ័យ ដោយមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកន្លងមកនោះ ។
ផ្លូវធ្វើដំណើររបស់រថយន្តក្រុងខ្សែទី៣នេះ គឺចេញដំណើរចាប់ពី ផ្សាររាត្រី ឆ្ពោះទៅ ផ្លូវលេខ១០៦ មហាវិថីព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារថ្មី មហាវិថីកម្ពុជាក្រោម ក្រោមស្ពានអាកាស៧មករា មហាវិថីសហព័ន្ធរុស្សី និងបន្ដរហូតដល់រង្វង់មូលចោមចៅរួចត្រលប់មកវិញ។
ជាមួយគ្នានេះ សាលាក្រុងភ្នំពេញបានស្នើរឲ្យប្រជាពលរដ្ឋ ដែលរស់នៅតំបន់ខាងលើ និង ចង់ធ្វើដំណើរតាមបណ្តោយផ្លូវធ្វើដំណើរ របស់រថយន្តក្រុងខ្សែទី៣នេះ ប្រើប្រាស់សាកល្បងសេវារថយន្តក្រុងសាធារណៈ ដែលមានតម្លៃថោកសមរម្យ និងកាត់បន្ថយការកកស្ទះចរាចរ ជាពិសេសចូលរួមអភិវឌ្ឍន៍ កែលម្អសោភ័ណភាពទីក្រុងផងដែរ។
គួររម្លឹកថា គិតមកដល់ពេលនេះសាលាក្រុងភ្នំពេញបានដាក់ឲ្យដំណើរការសេវារថយន្តក្រុងសាធារណៈចំនួន៣ខ្សែរួចមកហើយ នៅក្នុងរាជធានីភ្នំពេញ៕