ឲ្យតែប្រលងបាក់ឌុបចប់ គឺជុំវិញទីធ្លាសាលាក្លាយជាវាលក្រដាស
សារព័ត៌មាន Cambodia News/
អត្ថបទបញ្ចេញទស្សនៈ/
វាជាទម្លាប់ដដែលៗជារៀងរាល់ឆ្នាំ ក្រោយពីការប្រលងបាក់ឌុបត្រូវបានបញ្ចប់ គឺតែងតែមានការចែកនូវខិត្តប័ណ្ណផ្សព្វផ្សាយ ពីបណ្ដាគ្រឹះស្ថានអប់រំឬសកលវិទ្យាល័យនានា ដែលបានធ្វើឲ្យចំនួនក្រដាសដែលត្រូវចែកចាយនោះ មានចំនួនច្រើនលើសលប់ និងត្រូវបានចោលពាសវាលពាសកាល ដោយបេក្ខជនដែលបានបញ្ចប់ការប្រលងមួយចំនួន។
ដោយឃើញទិដ្ឋភាពបែបនេះ តែងតែកើតឡើងច្រំដែលជារៀងរាល់លើក បានបង្ហាញឲ្យឃើញថា ការយល់ដឹងចំពោះអនាម័យនៃការចោលសំរាម របស់សិស្សានុសិស្សកម្ពុជានៅមានកម្រិតនៅឡើយ។
ប្រហែលជាការអប់រំនៅសាលា នៅមិនទាន់បានសង្កត់ធ្ងន់ពីសុជីវធម៌នៃការរស់នៅក្នុងសង្គម ឲ្យបានល្អប្រសើរនៅឡើយនោះទេ។
ប្រសិនបើក្រោយបញ្ចប់ការប្រលង គ្មានអារម្មណ៍នឹងចង់មើលឬអើពើ និងការចែកខិត្តប័ណ្ណឬក្រដាសព័ត៌មានអ្វីទេនោះ មិនគួរណាចោលក្រដាសរាយប៉ាយតាមដងផ្លូវដោយរបៀបនោះទេ គឺគួរតែយកវាទៅចោលនៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។
ដូច្នេះសូមប្អូនៗនិងមិត្តអ្នកអានជួយរក្សាអនាម័យនិងមានសណ្ដាប់ធ្នាប់ល្អ ដោយមានសុជីវធម៌ថ្លៃថ្នូរ ដើម្បីរក្សានូវកិត្តិយសសង្គមជាតិយើង កុំឲ្យអាប់អោននិងត្រូវបរទេសវាយតម្លៃព្រោះតែរឿងតូចតាច ដែលងាយស្រួលធ្វើនិងអាចចូលរួមកែលម្អទាំងអស់គ្នាបាននោះ៕