មរណភាព១៥ឆ្នាំ ពិសិដ្ឋ ពិលីកា នៅតែមិនទាន់មានយុត្តិធម៌
សារប័ត៌មាន Cambodia News/
ភ្នំពេញ (១៤ កកក្កដា ២០១៤) ៖ គិតត្រឹមថ្ងៃ១៣ខែកក្កដាឆ្នាំ២០១៤ គឺគ្រប់១៥ឆ្នាំនៃមរណភាពរបស់អ្នកស្រី ពិសិដ្ឋ ពិលីកា បន្ទាប់ពីអ្នកស្រីត្រូវឃាតកបាញ់ប្រហារ នៅទីតាំងលក់កង់ជិតផ្សារអូរឫស្សី។
អ្នកនាង ពិសិដ្ឋ ពិលីកា ត្រូវបានបាញ់ប្រហារកាលពីថ្ងៃទី០៦ កក្កដា ឆ្នាំ១៩៩៩ កាលពី១៥ឆ្នាំមុន ដោយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្ររហូតដល់ថ្ងៃទី១៣ កក្កដា ទើបទទួលមរណភាព។
ហេតុការណ៍បាញ់ប្រហារចំពោះអ្នកនាង គឺជាករណីបាញ់ប្រហារលើតារាសិល្បៈល្បីឈ្មោះដំបូងគេបំផុត ទើបបន្តបន្ទាប់មកមានករណីលើ កញ្ញា ទូច ស៊ុននិច និងពៅ បញ្ញាពេជ្រ និងតារាសិល្បៈផ្សេងទៀត។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ មានប្រសាសន៍ថា វាជារឿងអយុត្តិធម៌ណាស់ដែលអ្នកនាង ពិសិដ្ឋ ពិលីកា ត្រូវទទួលមរណភាព ដោយមិនមានលទ្ធផលទាល់តែសោះក្នុងការស្វែងរកឃាតក និងអ្នកនៅពីក្រោយ។
លោកមិនសំដៅតែករណីបាញ់ប្រហារលើ ពិសិដ្ឋ ពិលីកា មួយនោះទេ គឺមានករណីអ្នកចម្រៀងទូច ស៊ុននិច កញ្ញា ពៅ បញ្ញាពេជ្រ និងតារាសិល្បៈរងគ្រោះផ្សេងទៀត ដែលឃាតក និងអ្នកនៅពីក្រោយសើយសុខនៅក្រៅសំណាញ់ច្បាប់ ហើយធ្វើឲ្យជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ មិនទទួលបានយុត្តិធម៌៕