សម រង្ស៊ី ទទួចឲ្យ ហ៊ុន សែន ផ្តល់លុយយ៉ាងហោចណាស់ ៦០០បាត ដល់ជនចំណាកស្រុក
ហេង នាង/
សារព័ត៌មានយុវវ័យថ្មី/Cambodia News/
ភ្នំពេញ (១៣ មិថុនា ២០១៤) លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃសុក្រ នេះ បានផ្តល់ប្រាក់ម្នាក់ ៦០០បាត ដល់ជនចំណាកស្រុកប្រមាណជាង ៥០នាក់ ដែលថៃបានបញ្ជូនមកប្រទេសកម្ពុជាវិញនៅក្នុងសប្តាហ៍នេះ ហើយលោក បានទទួចឲ្យ លោក ហ៊ុន សែន ក្នុងនាមជារាជរដ្ឋាភិបាលត្រូវផ្តល់ទឹកប្រាក់យ៉ាងហោចណាស់ ៦០០បាត ឲ្យជនចំណាកស្រុកទាំងអស់ដែលថៃបញ្ជូនមកវិញ។
ថ្លែងនៅក្នុងសន្និសីទកាសែតនៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បាននិយាយថា រដ្ឋាភិបាលត្រូវតែទទួលខុសត្រូវដល់ប្រជាជនទាំងនោះ ហើយស្វះស្វែងរកដីធ្លីឲ្យពួកគាត់រស់នៅធ្វើស្រែចំការ។
លោក សមរង្ស៊ី បានបន្តថា អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរដែលរស់នៅ នឹងធ្វើការខុសច្បាប់ឲ្យកម្ពុជាវិញ ហើយលោកបានទទួចឲ្យរដ្ឋាភិបាលកម្ពុជាធ្វើដូចគ្នានឹងអាជ្ញាធរថៃដែរ ដោយបញ្ជូនជនជាតិវៀតណាម ដែលកំពុងរស់នៅ នឹងធ្វើការខុសច្បាប់នៅកម្ពុជា។
លោក សម រង្ស៊ី បានបញ្ជាក់ថា ថ្ងៃនេះលោកនឹងផ្ញើរលិខិតមួយច្បាប់ជួននាយករដ្ឋមន្ត្រីយោធាថៃ ដោយអំពាវនាវឲ្យមានមនុស្សធម៌ មេតាធម៌ ការយោកយល់ ការសន្តោស និងការគោរពសិទ្ធមនុស្សក្នុងការបញ្ជូនពលរដ្ឋកម្ពុជាមកប្រទេសវិញ ។
គូបញ្ជាក់ថា នៅដើមសប្តាហ៍នេះមានពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ត្រូវបានអាជ្ញាធរថៃបង្ខំឲ្យវិលមកស្រុកវិញ ដោយសំអាងពីបញ្ហាសន្ថិសុខផ្ទៃក្នុង ហើយកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យយោធា បញ្ចេញឡាន ១៥០គ្រឿង ដើម្បីសម្រួលដល់ការដឹកជញ្ជូន ពលរដ្ខទាំងនោះត្រឡប់ទៅស្រុកកំណើរវិញ។
គួបញ្ជាក់ផងដែរថា យ៉ាងហោចណាស់ក៏មានពលរដ្ឋខ្មែរជាង ៥សែននាក់ដែរ ដែលបានទៅធ្វើការនៅប្រទេសថៃ តែតួលេខនេះអាចច្រើនជាងនេះ ៕