សាលារាជធានី មិនអនុញ្ញាតឲ្យក្រុមយុវជន ជួបជុំ នៅមុខក្រសួងបរិស្ថាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ លទ្ធផល នៃកិច្ចប្រជុំ រវាងអាជ្ញាធររាជធានីភ្នំពេញ និងក្រុមយុវជន កាលពីរសៀលថ្ងៃទី៣មិថុនា ម្សិលមិញ សាលារាជធានីភ្នំពេញ បានសម្រេច មិនអនុញ្ញាតឲ្យក្រុមយុវជន ជួបជុំ លើកបដា នៅមុខក្រសួងបរិស្ថាន នាថ្ងៃទី៥មិថុនា ឆ្នាំ២០១៤ ដើម្បីប្រារព្ធទិវាបរិស្ថាន ថ្ងៃ៥មិថុនា ឡើយ។
ប្រធានបណ្តាញយុវជនកម្ពុជា លោក ទឹម ម៉ាឡៃ បានលើកឡើងថា ការប្រារព្ធទិវានេះ គឺដើម្បី ជំរុញឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍លើផលប៉ះពាល់ និងការបំផ្លាញបរិស្ថានដែលកំពុងធ្វើឲ្យមានការប្រែប្រួលប៉ះពាល់ដល់ ការរស់នៅប្រចាំថ្ងៃ។
លោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងដំណាក់កាលនេះសាលារាជធានីភ្នំពេញ គឺមិន អនុញ្ញាតឲ្យមានការដង្ហែក្បួនឡើយ ហើយការមិនអនុញ្ញាតនេះគឺមិនមែនជាការបំបិទសិទ្ធិសេរីភាព ឬជារឿងនយោបាយ នោះទេ ហេតុផលគឺដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ការពារការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញទាំងមូល។
គួបញ្ជាក់ថា យោងតាមលិខិតជូនដំណឹងដែលបណ្ដាញយុវជនកម្ពុជា ផ្ញើជូនអភិបាលរាជធានីភ្នំពេញបានឲ្យ ដឹងថា នៅថ្ងៃទី៥ មិថុនា ឆ្នាំ២០១៤ បណ្ដាញយុវជនកម្ពុជា សហការជាមួយអង្គការដៃគូមួយចំនួន និងរៀបចំ ប្រារព្ធទិវាបរិស្ថានពិភពលោកខួបលើកទី៤២ ដោយមានការជួបជុំគ្នានៅមុខក្រសួងបរិស្ថាន ហើយហែក្បួនចេញទៅក្រសួងកសិកម្ម ដោយលើកបដា និងលើកឡើងពីផលប៉ះពាល់បរិស្ថាន រួមទាំងកិច្ចការពារព្រៃឈើ ជាដើម៕