ចិន បាញ់ទឹក បំផ្លាញនាវា វៀតណាម
សារព័ត៌មាន Cambodia News/
ប៉េកាំង (០៤ មិថុនា ២០១៤) ៖ ប្រទេស ចិន បានបាញ់កាំភ្លើងទឹក ដាក់នាវាល្បាត និងបំផ្លាញនាវាផ្សេងទៀត របស់រដ្ឋាភិបាលក្រុង ហាណូយ ក្នុងហេតុការណ៍ ប្រឈមមុខដាក់គ្នា នាពេលថ្មីៗនេះ ដោយសារជម្លោះក្នុងដែនសមុទ្រ ចិនភាគខាងត្បូង នេះបើតាមការឲ្យដឹងពីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០១៤។
ភាពតានតឹងថ្មីនេះបានកើតឡើងរវាងប្រទេសជិតខាងទាំងពីរ ដោយចិនជាអ្នកផ្តើមបង្កឡើង តាមរយៈដាក់ឧបករណ៍ ខួងយកប្រេងក្នុងតំបន់ដែនទឹក កំពុងមានជម្លោះ កាលពីខែឧសភា កន្លងទៅនេះ។ ទង្វើនេះបណ្តាលឲ្យប្រជាជនវៀតណាម ធ្វើបាតុកម្មទ្រង់ទ្រាយធំ មួយប្រឆាំងចិន ដែលជាបាតុកម្ម ពុំធ្លាប់មានក្នុងទសវត្សរ៍ថ្មីនេះ ព្រមទាំងបណ្តាលឲ្យមនុស្សបួននាក់ស្លាប់។
គួរបញ្ជាក់ថា ប្រទេស វៀតណាម កាលពីខែឧសភា កន្លងទៅនេះ បានចោទប្រកាន់ប្រទេស ចិន ថាបានបណ្តែតទូកនេសាទរបស់ខ្លួន និងព្យាយាមដុតបញ្ឆេះភាពតានតឹង តាមរយៈការ ដាក់ឧបករណ៍ខួងយកប្រេង នៅតំបន់កំពុងមានជម្លោះ៕