មនុស្ស ៧៤នាក់ ស្លាប់បាត់បង់ជីវិត ដោយសារ ការប្រយុទ្ធគ្នា នៅស៊ីរី
សារព័ត៌មាន Cambodia News/
ស៊ីរី (០៧ ឧសភា ២០១៤) ៖ បើយោងតាមអ្នកសងេ្កតការសិទ្ធិមនុស្ស កាលពីថ្ងៃទី០៥ ខែឧសភាបានឱ្យដឹងថា ក្រុមឧទ្ទាម និងក្រុមម៉ូស្លីម បានប្រយុទ្ធគ្នា បណ្ដាលឱ្យមនុស្ស ជាច្រើនស្លាប់ និងរបួសនៅក្នុង ទីក្រុងហូម ដែលស្ថិតនៅភាគខាងកើត នៃប្រទេសស៊ីរី។
មូលហេតុក្រុមម៉ូស្លីម វាយប្រហារជាមួយក្រុមឧទ្ទាមនេះ គឺដោយសារតែ ក្រុមម៉ូស្លីមប្រឆាំងនិងរដ្ឋាភិបាលប្រទេសស៊ីរី និងចង់ផ្ដាច់ខ្លួនចេញពីប្រទេសស៊ីរី ពោលគឺចង់មានសាសនាតែមួយ គឺសាសនាម៉ូស្លីម។
ដោយឡែក កាលពីថ្ងៃទី០៤ ខែឧសភានេះ ក្រុមពួកម៉ូស្លីម និងក្រុមឧទ្ទាមបានចុះហត្ថលេខា កិច្ចព្រមព្រៀងឈប់ប្រើអំពើហិង្សា ហើយបានសន្សាថាឈប់បង្កជំលោះដាក់គ្នា ។
ក្នុងការចុះហត្ថលេខាព្រមព្រៀងរវាងពីរភាគីនេះបានធ្វើឡើងដោយមាន វត្តមានរបស់ឯកអគ្គរដ្ឋទូតប្រទេសអ៊ីរ៉ង់។ ទន្ទឹមនិងការចុះកិច្ចព្រមព្រៀងបានមួយថ្ងៃ ក៏មាន ហឹង្សាមួយកើតឡើងរវាងក្រុមម៉ូស្លីម និងក្រុមឧទ្ទាមដដែល ហើយបង្កឱ្យមានមនុស្សស្លាប់៧៤នាក់ និងរបួសជាច្រើននាក់ផងដែរ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីការឈប់ប្រើអំពើហឹង្សា រវាងក្រុមឧទ្ទាម និងម៉ូស្លីម បានធ្វើឡើង ចំពេល ដែលស៊ីរីកំពុងត្រៀមរៀបចំការ បោះ ឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី៣ មិថុនាខាងមុខ និងដែលមានបេក្ខជនឈរឈ្មោះ ៣រូប ក្នុងនោះមានលោកប្រធានាធិបតី អាសាដផង ដែរ។
គួររម្លឹកថា រហូតមកដល់ពេលនេះ វិបត្តិក្នុងប្រទេសស៊ីរី រយៈពេល ៣ឆ្នាំកន្លងទៅបានបណ្តាលឲ្យមានមនុស្សស្លាប់ជាង ១៥ម៉ឺននាក់ និងរបួសជាច្រើននាក់ ព្រមទាំងមានជនភៀសខ្លួនរាប់លាននាក់ផ្សេងទៀត៕ ប្រភព វិទ្យុខ្មែរអន្តរជាតិ (ដោយៈលាង ធីតា)