យន្តហោះម៉ាឡេស៊ី ធ្លាក់នៅសមុទ្រឥណ្ឌា ដោយមិនមានអ្នកដំណើរនៅរស់
សារព័ត៌មាន Cambodia News/
-
ម៉ាឡេស៊ី (២៥ មិនា ២០១៤)៖ នៅយប់ថ្ងៃទី២៤ ខែមិនា លោក Najib Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងបញ្ជាក់ថា យន្តហោះMH370 ដែលបាត់រយៈពេល១៦ថ្ងៃមកហើយ បានធ្លាក់នៅក្នុងសមុទ្រឥណ្ឌា ហើយអ្នកធ្វើដំណើរទាំងអស់ ប្រហែលជាស្លាប់នៅទីនោះ។
លោក Najib Razak និយាយថា ការវិភាគរកឃើញថា យន្តហោះ បានបាត់នៅក្នុងសមុទ្រឥណ្ឌាភាគខាងត្បូង ដែលជាគោលដៅចុងក្រោយ ហើយតំបន់នោះ ស្ថិតនៅភាគខាងលិចទីក្រុងរបស់អូស្ត្រាលី Perth។ លោកបញ្ជាក់ថា វាជាភាពសោកសៅទីបំផុត និងសោកស្តាយសម្រាប់គ្រួសារអ្នកធ្វើដំណើរ ហើយអ្វីដែលត្រូវតែជូនដំណឹងគឺថា យន្តហោះMH370 ធ្លាក់ទៅក្នុងសមុទ្រឥណ្ឌាភាគខាងត្បូង។
សារ ដែលផ្ញើទៅកាន់ក្រុមគ្រួសារ ជនរងគ្រោះនៅថ្ងៃចន្ទនេះ ដែលសារព័ត៌មានBBCចុះផ្សាយ សរសេរថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី សោកស្តាយជាពន់ពេក ដែលយើងត្រូវសន្មត់ពីក្រោយចម្ងល់នានាដែលមានហេតុផលថា យន្តហោះMH370 បានបាត់នៅសមុទ្រឥណ្ឌាភាគខាងត្បូង ហើយពុំមានអ្នកនៅរស់ទេ៕
-