គណបក្សសង្គ្រោះជាតិ ផ្អាកការចរចា ត្រៀមធ្វើមហាបាតុកម្ម
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១៣ មិនា ២០១៣) ៖ កាលពីថ្ងៃទី១២ ខែមិនា ថ្លែងពីស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានលើកឡើងថា គណបក្សសង្គ្រោះជាតិ នឹងផ្អាកការជួបចរចា ហើយត្រៀមធ្វើមហាបាតុកម្មជាថ្មី ប្រសិនណាបើមិនមានការកែទម្រង់ សមាសភាពគ.ជ.ប ដូចការចង់បានរបស់ខ្លួន។
តែទោះជាយ៉ាង ក៏ដោយសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា ដែលបានចេញកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ បាន បញ្ជាក់ថា ”គណៈកម្មការចម្រុះ ដើម្បីសិក្សា និងរៀបចំក្របខ័ណ្ឌកំណែទម្រង់ ការបោះឆ្នោតខាងគណបក្សប្រជាជនកម្ពុជា បានឯកភាព ឲ្យដាក់ប្រធានបទ ”កំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត ” ទៅក្នុងក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោត តែមិនឯកភាព ការចែងអំពីស្ថាប័នរៀបចំ ការបោះឆ្នោត ជាស្ថាប័នធម្មនុញ្ញ ហើយអនុម័ត សមាសភាព ស្ថាប័ននេះ ដោយសម្លេង២/៣ នៃសមាជិករដ្ឋសភា ទាំងមូលទេ ”។
សេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជា បានបន្តទៀតថា ការលើកឡើងរបស់គណបក្សសង្គ្រោះជាតិនេះ គឺពិតជាមានការសោកស្តាយខ្លាំង ហើយថាការស្នើនេះ វាអាចធ្វើឲ្យមានការរាំងស្ទះ ក្នុងការកែទម្រង់ការបោះឆ្នោត នាពេលខាងមុខនេះ៕