អ្នកបឹងកក់ និង បុរីកីឡា ប្រមូលផ្តុំគ្នាទាមទារឲ្យសាលារាជធានីភ្នំពេញ ដោះស្រាយបញ្ហាដីធ្លី
សារព័ត៌មាន Cambodia News/
ភ្នំពេញ(១២ មិនា ២០១៤)៖ នៅព្រឹកថ្ងៃទី១២ ខែមិនានេះ ប្រជាសហគមន៍បឹងកក់ និងបុរីកីឡា ប្រមាណ ១០០នាក់ បាននាំគ្នាប្រមូលផ្តុំនៅមុខសាលារាជធានីភ្នំពេញ ដើម្បីដាក់ញត្តិជំរុញឲ្យមន្ត្រីសាលារាជធានី ផ្តល់សំណងសមរម្យដល់ពលរដ្ឋបុរីកីឡា ដែលរងការបណ្តេញចេញពីលំនៅដ្ឋាន និងផ្តល់ចេញប្លង់កម្មសិទ្ធិដល់អ្នកបឹងកក់។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ការប្រមូលផ្តុំនៅព្រឹកនេះក្នុងគោលបំណងដាក់ញត្តិទាមទារឲ្យសាលា រាជធានីភ្នំពេញ ចេញប័ណ្ណកម្មសិទ្ធិដល់ពលរដ្ឋបឹងកក់ ៤០គ្រួសារ ដែលនៅមិនទាន់បានទទួលសិទ្ធិកាន់កាប់ដីធ្លី ស្របតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកាត់ដីទំហំជាង ១២ហិកតាដល់ប្រជាសហគមន៍បឹងកក់ និងបុរីកីឡា។
នៅ ម៉ោងជិត ៩ព្រឹកនេះ មន្ត្រីសាលារាជធានីភ្នំពេញ បានចេញមកជួបប្រជាសហគមន៍ដែលមានបញ្ហាដីធ្លីទាំងពីរនេះ ដោយស្នើឲ្យតំណាងពួកគេ ជាង ៤០នាក់ ចូលជួបនៅក្នុងសាលារាជធានីភ្នំពេញនោះ។ ខណៈដែលមានការប្រមូលផ្តុំនោះ គេសង្កេតឃើញមានកម្លាំងសមត្ថកិច្ច និងសន្តិសុខសាលារាជធានីប្រមាណ ៥០នាក់ នៅឃ្លាំមើលការប្រមូលផ្តុំនោះដែរ៕