កម្ពុជានឹងចាប់ផ្តើមមានភ្លៀងកក់ខែនៅចុងខែកុម្ភៈនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ(២១ កុម្ភៈ ២០១៤) ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជាហាក់បីដូចមានភាព ត្រជាក់បន្តិចនាពេលព្រឹក ។ លោកចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ ថា មិនមានបាតុភូតអ្វីចម្លែកនោះទេ ប៉ុន្តែដោយសារកម្ពុជា នៅតែទទួលចំហាយ នៃឥទ្ធិពលខ្យល់មូសុងឦសាន ទើបធ្វើឲ្យសីតុណ្ហភាពអាកាសធាតុនៅកម្ពុជា មានភាពត្រជាក់បន្តិចនៅពេលព្រឹក ដោយឡែកនៅពេលថ្ងៃសីតុណ្ហភាពនឹងត្រឡប់មកជាធម្មតា។
លោកចាន់ យុត្ថា បានបញ្ជាក់ទៀតថា ទន្ទឹមនឹងសីតុណ្ហភាពចុះត្រជាក់បន្តិចវិញនេះ ស្ថានភាពនៃភ្លៀងកក់ខែ នឹងចាប់ផ្តើមគ្របដណ្តប់មកលើកម្ពុជា ប៉ុន្តែមិនមានបរិមាណច្រើននោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ កុម្ភៈ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ដល់សាធារណជនអំពីស្ថានភាពសីតុណ្ហភាព មធ្យមអតិបរមានៅក្នុងប្រទេសកម្ពុជា ចាប់ពី២៩ °C ដល់ ៣៨ °C ។ ដោយឡែក ស្ថានភាពនៃភ្លៀងកក់ខែមានកម្រិតតិចជាងឆ្នាំ២០១៣ លើកលែងតែតំបន់មាត់សមុទ្រ មានកម្រិតប្រហាក់ប្រហែលនឹងឆ្នាំ២០១៣៕