អំពើ​ហិង្សា​កក្រើក​ ខ្លាំង​នៅ​អ៊ុយ​ក្រែន​, ​មនុស្ស​ស្លាប់ ​កើន​ដល់ ​៦៧​​នាក់ ​

សារព័ត៌មាន​ Cambodia News/

គៀវ(២១ កុម្ភៈ ២០១៤)៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅ ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា អំពើហិង្សា នៅ អ៊ុយក្រែន បានអូសបន្លាយ រហូតដល់ថ្ងៃទី៣ គឺថ្ងៃព្រហស្បតិ៍ ម្សិលមិញ នេះ បានបណ្តាលឲ្យមនុស្សស្លាប់ កើនឡើងដល់ ៦៧នាក់ និង របួសរាប់រយនាក់ផ្សេងទៀត បន្ទាប់ពីក្រុមបាតុករ បានប៉ះទង្គិចគ្នាយ៉ាងខ្លាំង ជាមួយ កងកម្លាំងការពារសន្តិសុខ។

ទោះបីជាមានការប្រកាសផ្អាកឈប់ ​បាញ់​គ្នាដើម្បីចរចា ពី​សំណាក់​លោក​ប្រធានាធិបតី វីកទ័រ យ៉ាណូកូវិច កាល​ពី ថ្ងៃព្រហស្បតិ៍ក៏ដោយ ប៉ុន្តែ​អំ​ពើ​ហិង្សា ​តាមដងផ្លូវហាក់នៅតែមិនព្រម ស្រាក​ស្រាននោះឡើយ ដែល​លទ្ធ​ផល​បាន បណ្តាលឲ្យមនុស្ស ៦៧​នាក់​ស្លាប់ ជាតួលេខផ្តល់ ដោយ​រដ្ឋ​បាល​ទីក្រុង​គៀវ និង ៧០​នាក់​ស្លាប់​ជា​តួលេខ ​ផ្តល់ ដោយក្រុមប្រឆាំងរដ្ឋាភិ​បាល។

បើតាមការអះអាងពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក វីតាលី ហ្សាកាជីកកូ បានឲ្យដឹងកាលពីថ្ងៃ ព្រហស្បតិ៍ថា ប៉ូលិស ១៣នាក់បានស្លាប់ និង ៦៧នាក់ទៀតត្រូវក្រុមបាតុករ ជ្រុលនិយម ចាប់ខ្លួនកាលពីយប់ថ្ងៃពុធ។ លោកក៏បាន បន្ថែមទៀតថា ប៉ូលិសបានប្រើប្រាស់ អាវុធដោយសមស្រប ទៅតាមច្បាប់ ហើយស្ថិតក្នុងន័យ ការពារខ្លួនពួកគេ តែប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ខាងរដ្ឋាភិបាលអ៊ុយក្រែន បានចោទប្រកាន់ទៅលើក្រុមសកម្មជន ប្រឆាំងមួយចំនួនថា បានប្រើប្រាស់អាវុធវាយប្រហារ តបវិញមកលើកម្លាំងប៉ូលិស ហើយ អាជ្ញាធរសូមអំពាវនាវឲ្យពួកគេ យល់ព្រម ប្រគល់អាវុធឲ្យរដ្ឋាភិបាល ដើម្បីឲ្យការតវ៉ាអាច បន្តទៀតបានដោយសន្តិភាពពិតប្រាកដ។

គួរបញ្ជាក់ថា ដោយសារតែអំពើហិង្សាកាន់តែអាក្រក់នោះលោក យ៉ាណូកូវិច បានចេញមុន មកប្រកាសផ្អាក សង្គ្រាម រវាងគ្នាឯង ហើយអំពាវនាវឲ្យមានការដោះស្រាយ បញ្ហាគ្នាដោយ សន្តិវិធី ប៉ុន្តែជាលទ្ធផល គឺមិនបាន បណ្តាលឲ្យស្ថានការណ៍ ធូរស្បើយបន្តិចឡើយ ៕ ប្រភព​ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ (ប្រែសម្រួល​ដោយ៖ DAP)

Related Articles

Back to top button
Close
Close