អាម៉េរិក ត្រូវបាន គេចោទប្រកាន់ថា លូកដៃក្នុងជម្លោះ ភាគខាងត្បូងហ្វីលីពីន
សារព័ត៌មាន Cambodia News /
ម៉ានីល(៧ កុម្ភៈ ២០១៤) ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា សមាជិកសភាហ្វីលីពីន មួយរូបបានចេញមុខ ចោទប្រកាន់ចំពោះ ការលូកដៃពី សំណាក់កងកម្លាំងអាម៉េរិក ចូល ក្នុងជម្លោះប៉ះទង្គិចគ្នា រវាងយោធាហ្វីលីពីន និង ក្រុមប្រដាប់ អាវុធទ័ពព្រៃ មកពីក្រុមចលនាឥស្លាម ប្រយុទ្ធ ដើម្បីសេរីភាព ប៊ែងសាម៉ូរូ (BIFF) ស្ថិតនៅភាគ ខាងត្បូងប្រទេសហ្វីលីពីន កាលពីពេលថ្មីៗនេះ។
តំណាងរាស្ត្រ ខាឡូស ហ្សារ៉ាត មកពីគណបក្ស បាយ៉ាន មូណា (គណបក្សជាតិទីមួយ) បាននិយាយថា គេបាន ឃើញកងយោធាអាម៉េរិក ផ្តល់នូវជំនួយថ្នាំពេទ្យដល់ កងកម្លាំងរដ្ឋាភិបាល ដែលបានទទួលរងរបួស ព្រមទាំង អ្នកកាសែត ២រូបផ្សេងទៀត នៅក្នុងការវាយប្រហារដោយ គ្រាប់បែកនៅក្នុងក្រុង ដាទូត អាំផាទួន នៃខេត្ត ម៉ាគីនដាណាវ របស់កោះមីនដាណាវ។
ចំពោះការវាយប្រហារគ្នារវាងកងកម្លាំង រដ្ឋាភិបាលហ្វីលីពីន និង ក្រុមសកម្មប្រយុទ្ធបំបែកខ្លួន នៅភាគខាងត្បូង ដែល មិនព្រមចូលរួមតុចរចាជាមួយ រដ្ឋាភិបាលនោះ បានបណ្តាលឲ្យមនុស្ស ៥៣នាក់ស្លាប់ ដែលភាគច្រើនជា ពួកឧទ្ទាម បំបែកខ្លួន ក្នុងនោះក៏មានក្មេងតូចៗ ៣នាក់ ផងដែរ។ ដោយឡែកទាហានម្នាក់បានស្លាប់ និង មួយ ចំនួនទៀតទទួលរងរបួស។
គួរបញ្ជាក់តាមតំណាងរាស្ត្រខាងលើនេះថា ការបង្កើតកិច្ចព្រមព្រៀងរវាង កងកម្លាំងប្រទេស ទាំងពីរ (VFA) កាលពីពេលថ្មីៗនេះ មិនបានបញ្ជាក់ថា នឹងមានការចូលរួមណាមួយ ពីសំណាក់ អាម៉េរិក ទៅក្នុងផ្នែកយោធា ហ្វីលីពីន អំឡុងពេលបំពេញប្រតិបត្តិការនោះឡើយ។ ដូច្នេះទើប តំណាងរាស្ត្រហ្វីលីពីន លើកជាសំនួរថា តើទាហានអាម៉េរិក មានតួនាទីអ្វីនៅក្នុងតំបន់ជម្លោះ ផ្ទៃក្នុងរបស់ហ្វីលីពីន។
បើតាមសម្តីរបស់លោក ហ្សារាត់ នៅក្នុងសភាហ្វីលីពីន បានរំឮកពីសម័យសង្គ្រាមនៅ វៀតណាម ដែលពេលនោះ សហរដ្ឋអាម៉េរិក បានលូកដៃចូលបន្តិចម្តងៗ ដោយពីដំបូងគេគ្រាន់ តែបង្កើតឲ្យមានការផ្តល់ជំនួយ មនុស្សធម៌ ប៉ុណ្ណោះ ប៉ុន្តែក្រោយមកការជ្រៀតជ្រែលចូល យ៉ាងពេញទំហឹង ត្រូវបានគេមើលឃើញ។ ដូច្នេះទង្វើអាម៉េរិក នៅ ពេលនេះ គឺជាគោលបំណង ចង់បង្កើនវត្តមានរបស់ខ្លួន បន្ថែមទៀតនៅហ្វីលីពីនយ៉ាងពិតប្រាកដ ៕ ប្រភព ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ (ប្រែសម្រួលដោយ ៖ DAP)