បក្សប្រឆាំងរក្សាគំរោងទៅជួបអ្នកទោស ២៣នាក់នៅពន្ធនាគារត្រពាំងផ្លុង
សារព័ត៌មាន Cambodia News /
ភ្នំពេញ(០៣ កុម្ភៈ ២០១៤) ៖ នៅថ្ងៃទី៤ ខែកុម្ភៈស្អែកនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នឹងចុះទៅជួបសួរសុខទុក្ខ និងនាំយកសម្ភារៈមួយចំនួន ដើម្បីផ្តល់ជូនប្រធានសមាគម សកម្មជនសិទ្ធិមនុស្ស និងកម្មករចំនួន ២៣នាក់ ដែលកំពុងជាប់ក្នុងពន្ធនាគារត្រពាំងផ្លុងតាមការគ្រោងទុក។
-
នៅថៃទី០៣ ខែកុម្ភៈនេះ លោក សុន ឆ័យ ប្រធាន ក្រុមអ្នកតំណាងរាស្ត្រ បានឲ្យដឹងថា ទោះមិនមានការឆ្លើយតបពី សាលាដំបូងរាជធានីភ្នំពេញ ទៅលើសំណើសុំចូលជួបជនជាប់ចោទចំនួន ២៣នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីដើមខែមករាក្តី បេក្ខជនជាប់ឆ្នោត និងគ្រួសារអ្នកជាប់ឃុំឃាំងទាំង ២៣នាក់ នឹងចុះទៅពន្ធនាគារត្រពាំងផ្លុងតាមការគ្រោងទុកដដែល។
គម្រោងចូលជួបអ្នកជាប់ឃុំទាំង ២៣នាក់ នៅពន្ធនាគារត្រពាំងផ្លុង លោក សុន ឆ័យ បានដាក់សំណើនេះ ទៅសាលាដំបូង កាលពីថ្ងៃទី២៨ ខែមករា ប៉ុន្តែរហូតមកដល់ថ្ងៃចន្ទ ទី៣ ខែកុម្ភៈនេះ មិនទាន់មានការឆ្លើយតបទេ។
គួរបញ្ជាក់ថា អ្នកជាប់ពន្ធនាគារទាំង ២៣នាក់ ត្រូវកម្លាំងចម្រុះប្រដាប់អាវុធ រដ្ឋាភិបាលចាប់ខ្លួនក្នុងព្រឹត្តិការណ៍ បង្ក្រាបបាតុកម្ម ដែលប្រមូលផ្តុំគ្នាទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារក្នុង១ខែ សម្រាប់កម្មករម្នាក់កាលពីថ្ងៃទី២ និងទី៣ ខែមករាកន្លងទៅ៕