ហេតុផល ដែលអ្នកមិនគួរហាត់ប្រាណខ្លាំងពេកទេ
វត្តី/សារព័ត៌មានយុវវ័យថ្មី
សុខភាព(១៤ មករា ២០១៤) ៖ អ្នកជំនាញខាងហាត់ប្រាណ បានពន្យល់អំពីផលរំខានដ៏គ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលអាច កើតឡើងបាននៅពេលអ្នកបង្ខំអោយខ្លួនឯងធ្វើការខ្លាំងជ្រុលពេក ចូលគិតថា នៅពេលអ្នកលើកទម្ងន់ដែលធ្ងន់ៗពេក អ្នកច្រើនតែខាំធ្មេញដើម្បីអោយមានកម្លាំងចេញបន្ថែមទៀត នោះគឺជាសកម្មភាពមួយដែលអាចធ្វើអោយកើតជាអាការៈឈឺក្បាលបាន។
តាមទ្រឹស្តី ការហាត់ប្រាណដោយលើកទម្ងន់គួរតែធ្វើអោយអ្នកអស់កម្លាំងគ្រប់គ្រាន់ សម្រាប់ការដេកលក់បានយ៉ាងស្រួលនៅពេលយប់។ រឿងនេះដោយសារតែការហាត់ប្រាណរបៀបនេះ (ធ្វើសកម្មភាពក្នុងកម្រិតមធ្យម ១៥០នាទីក្នុងមួយសប្តាហ៍) ជួយកាត់ Cortisol ដែលជាស្ត្រេសអ័រម៉ូនក្នុងរាងកាយ។ អ្វីដែលជាបញ្ហានោះគឺថា បើសិនជាអ្នកខំប្រឹងលើកទម្ងន់ខ្លាំងពេក រាងកាយអ្នកពិតជាបញ្ចេញអ័រម៉ូន Cortisol កាន់តែច្រើនវិញ ដូច្នេះវានឹងធ្វើអោយស្ត្រេសកាន់តែច្រើន ហើយមិនអាចសម្រាកបានស្រួលនៅពេលយប់ឡើយ។
ជាថ្មីម្តងទៀត វាហាក់បីដូចជារឿងចម្លែកដែលថា ការធ្វើនូវសកម្មភាពដែលផ្តល់នូវសុខភាពហើយអាចមានផលវិបាកប៉ះពាល់ ដល់សុខភាពទៅវិញ។ ប៉ុន្តែ ខណៈពេលដែលការហាត់ប្រាណក្នុងកម្រិតមធ្យមត្រូវបានអះអាងថាជួយការពារ ខ្លួនពីជំងឺផ្តាសាយនោះ តែការហាត់ខ្លាំងជ្រុលពេកអាចធ្វើអោយសុខភាពរាងកាយធ្លាក់ចុះ ទ្រុឌទ្រោមខ្លាំង, ប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលជាហេតុនាំអោយងាយនឹងមានជំងឺ៕